(ភ្នំពេញ)៖ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ឯ.ក «ថ្នាលអប់រំដើម្បីភាពជោគជ័យក្នុងអាជីព» បានប្រកាសជាផ្លូវការ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះថា សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (ស.ព.អ) បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយនិយ័តករមូលបត្រ កម្ពុជា (ន.ម.ក.) ស្តីពីកិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងវិស័យមូលបត្រ នៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃនេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។ ទន្ទឹមគ្នានេះ ក៏មានការរៀបចំ សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់ការយល់ដឹង អក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ» នៅ ស.ព.អ. ដែលមានការគាំទ្រពីផ្សារមូលបត្រកម្ពុជា, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក និងក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ផងដែរ។

កម្មវិធីទាំងពីរខាងលើនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើតនូវកិច្ចសហការ ក្នុងការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យមូលបត្រដល់និស្សិត ដែលនឹងក្លាយជាវិនិយោគិន និងជាធនធានមនុស្ស ដ៏មានសក្តានុពលក្នុងវិស័យមូលបត្រនាពេលអនាគត។ ទន្ទឹមនឹងនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះផងដែរ បានបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងអក្ខរកម្មហិរញ្ញវត្ថុ នៃវិស័យមូលបត្រ សម្រាប់និស្សិតនៃ ស.ព.អ. ដែលជាទំពាំងស្នងឬស្សី ឲ្យចេះរៀបចំផែនការ ហិរញ្ញវត្ថុ សម្រាប់អនាគត និងការគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ ព្រមទាំងបណ្តុះនូវទម្លាប់សន្សំ និងវិនិយោគក្នុងវ័យសិក្សា ជាពិសេសទទួលបានចំណេះដឹងមូលដ្ឋានគ្រឹះ នៃវិស័យមូលបត្រផងដែរ។

កម្មវិធីខាងលើនេះ ក្នុងគោលបំណងបង្ហាញ អំពីកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាមួយនឹងនិយ័តករមូលបត្រកម្ពុជា ដើម្បីការបណ្តល់ជូនវគ្គបណ្តុះបណ្តាល អំពីការរៀបចំគោលនយោបាយ នៃការអនុវត្តអភិបាលកិច្ចសាជីវកម្ម ការបង្កើតប្រព័ន្ធត្រួតពិនិត្យ សម្រាប់ក្រុមប្រឹក្សាភិបាល ឬអភិបាល ក្រុមហ៊ុន របស់ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយមូលបត្រ និង/ឬក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ ពីនិយ័តករមូលបត្រកម្ពុជា។

បណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ឯ.ក បានថ្លែងថា ដោយមើលឃើញពីតម្រូវការ នៃការអនុវត្តអភិបាលកិច្ចសាជីវកម្មរបស់ក្រុមហ៊ុន ចុះបញ្ជីបោះផ្សាយមូលបត្រ និង/ឬក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា។ ដូច្នេះ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AUB) បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាជាមួយនិយ័តករមូលបត្រកម្ពុជា (SERC) ដើម្បីផ្តល់នូវវគ្គបណ្តុះបណ្តាលអភិបាលកិច្ចសាជីវកម្ម ដល់ក្រុមប្រឹក្សាភិបាល ឬអភិបាលក្រុមហ៊ុន របស់ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយមូលបត្រ និង/ឬក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះទៀតសោធ នឹងធានាថា ក្រុមហ៊ុនដែលបានចុះបញ្ជី នឹងប្រកាន់ខ្ជាប់យ៉ាងម៉ត់ចត់ ចំពោះការអនុវត្តលើអភិបាលកិច្ចសាជីវកម្មល្អ ដោយអនុលោមតាមច្បាប់ដែលពាក់ព័ន្ធ និងបទប្បញ្ញត្តិជាធរមាន។ វគ្គបណ្តុះបណ្តាលនេះផងដែរ មិនត្រឹមតែផ្តល់នូវអត្ថប្រយោជន៍ដល់ក្រុមប្រឹក្សាភិបាល ឬអភិបាលក្រុមហ៊ុន របស់ក្រុមហ៊ុនចុះបញ្ជីក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្តដល់ស្ថាប័នដទៃផ្សេងៗទៀត ក្នុងការចូលរួមសិក្សាអំពីចំណេះជំនាញនៃអភិបាលកិច្ចល្អនៅកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ នឹងមានការចូលរួមធ្វើបទបង្ហាញពីនិយ័តករមូលបត្រ អ្នកជំនាញដែលមានបទពិសោធ និងទទួលបានការទទួលស្គាល់ពីស្ថាប័នជាតិ និងនិយាមកម្រិតអន្តរជាតិ ហើយសិក្ខាកាម ឬអ្នកចូលរួមវគ្គសិក្សានេះនឹងទទួលបាននូវវិញ្ញាបនបត្រផ្លូវការ ដែលមានការទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា។

លោកបណ្ឌិត បានបន្ថែមទៀតថា អភិបាលកិច្ចសាជីវកម្មល្អ គឺមានសារៈសំខាន់ខ្លាំងក្នុងការគាំទ្រកំណើនប្រតិបត្តិការអាជីវកម្ម ប្រកបដោយនិរន្តរភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងរក្សាបាននូវកេរ្តិ៍ ឈ្មោះល្អ ការពារផលប្រយោជន៍ជូនម្ចាស់ភាគហ៊ុន និងគ្រប់ភាគីពាក់ព័ន្ធ។ ជាក់ស្តែងស្ថាប័នមួយ ដែលមានអភិបាលកិច្ចសាជីវកម្មល្អ គឺបង្ហាញនូវរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ បទដ្ឋានការងារល្អ ការចូលរួមក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាព នឹងផ្តល់នូវទំនុកចិត្តខ្ពស់ដល់វិនិយោគិន ជួយបង្កើតនូវសេដ្ឋកិច្ចមួយដ៏រឹងមាំក្នុងការប្រកបអាជីវកម្ម។

លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា «កម្មវីធីនាថ្ងៃនេះ ជាសក្ខីភាពមួយរវាង ន.ម.ក. និង ស.ព.អ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការ ក្នុងការបង្កើនការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុង វិស័យមូលបត្រនៅកម្ពុជា។ ការណ៍នេះ យើងបាន និងកំពុងជំរុញការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ឲ្យដំណើរការប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន សម្រាប់យើងទាំងអស់គ្នាចូលរួមជាចំណែក នូវភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា»

ទន្ទឹមនឹងនេះ លោកប្រតិភូ ក៏បានបន្ថែមទៀតថា «វិស័យមូលបត្រ ជាជំនាញមួយដ៏សំខាន់ សម្រាប់និស្សិតគួរតែសិក្សារៀនសូត្រ ដើម្បីទាញប្រយោជន៍ពីជំនាញនេះ ក្នុងការកសាងសុខុមាលភាពហិរញ្ញវត្ថុ របស់ខ្លួនកាន់តែប្រសើរ និងសម្រេចជោគជ័យនូវគោលដៅហិរញ្ញវត្ថុនាពេលអនាគត។ ជាមួយគ្នានេះ មុននឹងគិតគូរដល់ការវិនិយោគ ប្អូនៗនិស្សិតត្រូវរៀនសន្សំជាមុនសិន ដោយកាត់បន្ថយចំណាយមិនចាំបាច់ គឺជាយន្តការសន្សំដ៏មានប្រសិទ្ធភាព»។

នាឱកាសនេះផងដែរ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាតំណាងភាគហ៊ុនិកនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាង ស.ព.អ ជាមួយនឹង ន.ម.ក. គឺជាមាគ៌ាថ្មីមួយ ដែលនឹងបណ្តល់ជូនវគ្គបណ្តុះបណ្តាល ដ៏មានសក្តានុពលក្នុងវិស័យមូលបត្រ ជូនដល់និស្សិត សាធារណៈជន សមាជិកក្រុមប្រឹក្សាភិបាល ឬអភិបាលក្រុមហ៊ុន របស់ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយមូលបត្រ និង/ឬក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពី ន.ម.ក. ដែលមានតម្រូវការស្វែងយល់ឲ្យកាន់តែច្បាស់ អំពីការរៀបចំគោលនយោបាយ នៃការអនុវត្តអភិបាលកិច្ចសាជីវកម្ម។

បណ្ឌិត អ៊ិន ចាន់នី បានលើកឡើងថា អភិបាលកិច្ចល្អ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញ និងគាំទ្រដល់ដំណើរការនៃការគ្រប់គ្រងអាជីវកម្មរបស់ស្ថាប័ន និងការអភិវឌ្ឍមួយប្រកបដោយនិរន្តរភាព។ អភិបាលកិច្ច ដែលប្រកបដោយសុភវិនិច្ឆ័យ គឺជាអភិបាលកិច្ចល្អ ដោយចាត់ចែង និងការគ្រប់គ្រងបញ្ហារបស់ស្ថាប័នប្រកបដោយប្រសិទ្ធភាព ហើយឆ្លើយតបទៅនឹងតម្រូវការ និងផលប្រយោជន៍របស់ស្ថាប័នទាំងមូល។

សូមជម្រាបថា គិតត្រឹមដំណាច់ ខែមិថុនា ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា ឯ.ក មានបុគ្គលិកសរុបចំនួន១៥០នាក់ ស្រី៧១នាក់ សាស្រ្តាចារ្យ និងគ្រូបង្រៀនសរុបចំនួន២៨២នាក់ ៥៨នាក់ជាគ្រូបង្រៀនពេញម៉ោង (៧នាក់ជាជនជាតិបរទេស) ដែលសាស្រ្តាចារ្យ និងគ្រូបង្រៀនទាំងអស់មានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ទ្បើង ទៅក្នុងនោះ៣២នាក់ មានសញ្ញាបត្រកម្រិតបណ្ឌិត។

សាកលវិទ្យាល័យ បាននិងកំពុងបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលមានមហាវិទ្យាល័យចំនួន៥គឺ: មហាវិទ្យាល័យហិរញ្ញវត្ថុ និងគណនេយ្យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពាណិជ្ជសាស្ត្រ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ និងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រនិងភាសា។ ទន្ទឹមនឹងនេះ និស្សិតកំពុងបន្តការសិក្សាមាន១៧៣ថ្នាក់ និស្សិតសរុបចំនួន ៤,៧៦០នាក់ ស្រីមានចំនួន៣,៦៨១នាក់ ជាមធ្យមនិស្សិតចំនួន ២៥នាក់ក្នុងមួយថ្នាក់។ និស្សិត បានបញ្ចប់ការសិក្សាមានចំនួន ១,២៨៦នាក់ ស្រីចំនួន ១,០៤៩នាក់ ក្នុងចំណោមនេះ និស្សិតមានការងារធ្វើចំនួន១,២៣៥នាក់ ស្មើនឹង៩៦% នៃចំនួនសិស្សិតបានបញ្ចប់ការសិក្សា៕