(សៀមរាប)៖ បេក្ខជនបណ្ឌិត៦រូប បានឡើងការពារនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួនបានជោគជ័យនៅចំពោះមុខលោកបណ្ឌិត កៀង រតនា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវេស្ទើន និងជាប្រធានគណៈកម្មការវាយតម្លៃ ដោយមានការចូលរួមត្រួតពិនិត្យ និងវាយតម្លៃពីគណៈកម្មការផងដែរ។

ស្ថិតក្នុងពិធីការពារសាកល្បង ថ្នាក់បណ្ឌិតជំនាន់ទី៥ និងទី៦ ចំនួន៦រូប នៅក្នុងសណ្ឋាគារមួយ ក្នុងខេត្តសៀមរាប នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ, លោកបណ្ឌិត កៀង រតនា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវេស្ទើន បានថ្លែងកោតសរសើរ ចំពោះបេក្ខបណ្ឌិតទាំង៦រូប ដែលបានខិតខំប្រឹងប្រែង និងសិក្សាស្រាវជ្រាវបានចប់រួចរាល់ ស្របតាមគោលការណ៍របស់ សាកលវិទ្យាល័យវេស្ទើន និងក្រសួងអប់រំ យុវជន និងកីឡា។

លោកបណ្ឌិតបានថ្លែងអំណរគុណគណៈកម្មការ និងគ្រូដឹកនាំកិច្ចការស្រាវជ្រាវនេះ តាំងពីដើមរហូតមក និងអនុវត្តតាមការណែនាំរបស់សាកលវិទ្យាល័យ ដែលបេក្ខជនមួយរូបត្រូវមានគ្រូណែនាំយ៉ាងតិចចំនួន២រូប។ គ្រូណែនាំតម្រូវឲ្យមានជំនាញ និងបទពិសោធស្របតាមប្រធានបទរបស់បេក្ខជន និងត្រូវមានសញ្ញាបត្របណ្ឌិត ធ្លាប់ដឹកនាំនិស្សិតថ្នាក់បណ្ឌិត និងមានការបោះផ្សាយអត្ថបទរបស់ខ្លួននៅក្នុងទស្សនាវដ្តីកម្រិតជាតិ និងអន្តរជាតិ។

គូសបញ្ជាក់ថា នៅដើមឆ្នាំ២០២៤ សាកលវិទ្យាល័យវេស្ទើន ត្រូវបានអនុញ្ញាត្តដោយក្រសួងអប់រំ យុវជន និងកីឡា ឲ្យមានការការពារបញ្ចប់ថ្នាក់បណ្ឌិត ក្នុងការស្រាវជា្រវតាមបែបបរិមាណវិស័យ។

លក្ខខណ្ឌចូលសិក្សាថ្នាក់បណ្ឌិតកម្មវិធីសិក្សានៅសាកលវិទ្យាល័យវេស្ទើនតាមបែបការស្រាវជ្រាវ និងការសរសេរនិក្ខេបបទ។

ការជ្រើសរើសបេក្ខជនឲ្យចូលសិក្សាត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

*ត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (មានការបញ្ជាក់ថតចម្លងច្បាប់ដើមពីសាលាក្រុង ឬសាកលវិទ្យាល័យសាម៉ី)
*សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ពីបរទេសតម្រូវឲ្យមានការធ្វើសមមូលនៅក្រសួងអប់រំ យុវជន និងកីឡា
*ថ្នាក់បណ្ឌិតដែលកំពុងសិក្សារួមមានជំនាញដូចជា៖ បណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម បណ្ឌិតរដ្ឋបាលសាធារណៈ បណ្ឌិតសិក្សាអប់រំ បណ្ឌិតអភិវឌ្ឍន៍ស្ថាប័ន និងបណ្ឌិតគ្រប់គ្រងបច្ចេកវិទ្យានវានុវត្តន៍។

លក្ខខណ្ឌការពារថ្នាក់បណ្ឌិត

*ការពារសាកល្បង (Qualifying Exam)
*ការពារសំណើការពារ (Proposal Defense)
*ការបោះពុម្ពផ្សាយ អត្ថបទនៃការស្រាវជ្រាវ និងការពារបញ្ចប់ (Final Defense)៕