(ប៉ារីស)៖ គ្រូបង្វឹក Thierry Henry បានកោះហៅកីឡាករជម្រើសជាតិបារាំង ១៨រូប ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ Olympic Games ដែលខ្លួនធ្វើម្ចាស់ផ្ទះ ដោយខ្សែប្រយុទ្ធក្លិប Crystal Palace កីឡាករ Jean-Philippe Mateta ជាកីឡាករតែ ១គត់ក្នុងលីគ Premier League ដែលត្រូវបានដាក់បញ្ចូល។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។

ក្រុមកីឡាករសម្រាប់ប្រកួតក្នុងព្រឹត្តិការណ៍ Olympic ត្រូវរៀបចំឡើង ដោយត្រូវជ្រើសរើសកីឡាករអាយុក្រោម ២៣ឆ្នាំ (U-23) ខណៈមានកីឡាករត្រឹមតែ ៣នាក់ប៉ុណ្ណោះ មានអាយុលើស ដែលត្រូវបានអនុញ្ញាត។

Mateta វ័យ ២៧ឆ្នាំ រកបាន ១៦គ្រាប់នៅ Premier League កាលពីរដូវកាលមុន ប៉ុន្តែមិនធ្លាប់ទទួលបានការកោះហៅ លេងឱ្យក្រុមជម្រើសជាតិបារាំងឈុតធំនោះទេ។

មានក្លិបមួយចំនួនមិនបានអនុញ្ញាតឱ្យកីឡាកររបស់ខ្លួន មកលេងក្នុងព្រឹត្តិការណ៍ Olympic នោះទេ ជាក់ស្តែងក្លិប Real Madrid មិនអនុញ្ញាតឱ្យប្រធានក្រុមឈុតធំបារាំង Kylian Mbappe ដើម្បីចូលរួមក្នុងក្រុមរបស់អ្នកចាត់ការ Henry សម្រាប់ព្រឹត្តិការណ៍ Paris 2024 នោះទេ។

​អតីតកីឡាករឆ្នើមក្លិប Arsenal លោក Henry គឺជាអ្នកចាត់ការក្រុម U-21 បារាំង ហើយក៏ជាអ្នកទទួលបន្ទុកដឹកនាំក្រុមបាល់ទាត់បារាំង សម្រាប់ព្រឹត្តិការណ៍ Olympics ផងដែរ។

គាត់បានរៀបចំក្រុមបណ្តោះអាសន្នកាលពីដើមខែមិថុនា ហើយកីឡាករ Mateta រកបាន ២គ្រាប់ ក្នុងការប្រកួតកម្តៅសាច់ដុំ ដោយលទ្ធផលឈ្នះ ៤-១ លើក្រុមប៉ារ៉ាហ្គាយ៕