(តូរុនតូ)៖ John Cena បានប្រកាសថា លោកនឹងចូលនិវត្តន៍ពីកីឡាចំបាប់អាជីព (កីឡាកាស) នៅឆ្នាំក្រោយ ក្រោយចំណាយរយៈពេល ២ទសវត្សរ៍នៅលើសង្វៀន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។

ពីកីឡករចំបាប់ ក្លាយជាតារាសម្តែងរូបនេះ បានប្រកាសនៅកីឡដ្ឋាន World Wrestling Entertainment ក្នុងទីក្រុង Toronto ថា ឆ្នាំ២០២៥ នឹងជាការប្រកួតលើកចុងក្រោយរបស់លោក។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការប្រកួត Cena បានប្រាប់អ្នកសារព័ត៌មានថា លោក​មានអារម្មណ៍ថា មានបញ្ហារាងកាយ «នៅពេលចុងក្រោយរបស់ខ្ញុំ» ប៉ុន្តែវាមិនមានន័យថា លោកត្រូវឃ្លាតឆ្ងាយពីកីឡា ដែលលោកស្រឡាញ់នោះទេ។

​Cena ជាម្ចាស់ពានរង្វាន់ជើងឯក WWE ចំនួន ១៦លើក ដោយបានផ្ទុះការគាំទ្រខ្លាំង នៅដើមឆ្នាំ២០០០។

សម្រាប់អាជីពតារាសម្តែងវិញ Cena បានដើរតួក្នុងរឿង Blockers និងរឿង The Suicide Squad។ ជាមួយគ្នានោះ លោកក៏បានសម្តែងច្រើនលើកក្នុងរឿង Fast & Furious ហើយថ្មីៗនេះ ក៏បានសម្តែងក្នុងរឿង Argylle និងរឿង Barbie ផងដែរ៕