(ភ្នំពេញ)៖ សាលាអន្ដរជាតិប្រាយឡាញ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ដល់សិស្សានុសិស្សចំនួន ១១៦នាក់ ចាប់ពីកម្រិតមត្ដេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្ដទៅក្រោមអធិបតីភាពលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា។

ពិធីប្រគល់វិញ្ញាបនបត្រនេះ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ក៏មានការអញ្ជើញចូលរួមពីលោកស្រី អាណាមីកា សាម៉ា នាយិការនៃសាលាអន្ដរជាតិប្រាយឡាញ លោក សែម សុវណ្ណ នាយកសាលាចំណេះដឹងទូទៅប្រាយឡាញ និងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សានុសិស្សផងដែរ។ ​ពិធីនេះគឺបានប្រារព្ធធ្វើឡើងនៅក្នុងសាលពហុបំណង របស់សាលាអន្ដរជាតិប្រាយឡាញផ្ទាល់តែម្ដង។

ក្នុងឱកាសនោះ លោកស្រី គឹម សេដ្ឋានី បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយពេលបានជួបសិស្សានុសិស្សដ៏ឆ្លាតវៃនៅសាលាអន្ដរជាតិប្រាយឡាញ និងបានថ្លែងកោតសរសើរថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ ដែលបានបណ្ដុះបណ្ដាលសិស្សានុសិស្សទៅតាមកម្មវិធីសិក្សាស្ដង់ដារថ្នាក់ជាតិ និងអន្ដរជាតិ។

លោកស្រីបានបន្ដថា ក្នុងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្ដិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ការកសាងមូលធនមនុស្ស នៅតែជាចំណុចអាទិភាព ពីព្រោះកម្ពុជាចង់សម្រេចនូវចក្ខុវិស័យ ប្រែក្លាយប្រទេសដែលបច្ចុប្បន្នមានប្រាក់ចំណូលមធ្យម ទៅជាប្រទេសដែលប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ក៏ដូចជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។

លោកស្រីបន្ដថា «មូលធនមនុស្ស គឺសំដៅទៅលើចំណេះដឹងផ្នែករឹង និងចំណេះដឹងផ្នែកទន់។ ដូច្នេះយើងត្រូវរួមគ្នាបណ្ដុះមូលធនមនុស្សនេះ ដើម្បីឆ្លើយតបទៅនឹងបរិបទនៃតម្រូវការទីផ្សារសត្សវត្សទី២១ នៅក្នុងយុគសម័យឌីជីថល»

លោកស្រី គឹម សេដ្ឋានី បានថ្លែងទៀតថា បើនិយាយពីគុណភាពនៃការអប់រំ គឺមានកត្ដាច្រើនយ៉ាង ប៉ុន្ដែក្នុងនោះមានកត្ដាបួនយ៉ាងសំខាន់ ដែលកំណត់នូវការធានាបាននូវគុណភាពនៃការអប់រំ ដែលអាចបណ្ដុះនូវមូលធនបាន ទី១៖ ​កត្ដាសាលារៀន ដូច្នេះការលើកកម្ពស់អភិបាលកិច្ចសាលារៀន ដែលរួមទាំងមានការរៀបចំរចនាសម្ព័ន្ធ កម្មវិធីសិក្សា និងសកម្មភាពផ្សេងៗទៀត។ យើងឃើញហើយថា សាលាអន្ដរជាតិប្រាយឡាញ ក្រៅពីមានហេដ្ឋារចនាសម្ព័ន្ធធំទូលាយ មានកន្លែងសម្រាប់ក្មេងលេងកំសាន្ដ (Playground), កន្លែងហាត់កីឡា, សហសាលសម្រាប់ឱ្យកូនសិស្សធ្វើការសម្ដែងសិល្បៈផ្សេងៗ បន្ទប់ពិសោធន៍ និងបណ្ដាល័យធំទូលាយជាដើម។ ជាពិសេសសាលាអន្ដរជាតិមួយនេះ គឺមានកម្មវិធីសិក្សាដែលផ្សារភ្ជាប់ទាំងកម្មវិធីសិក្សាជាតិ និងអន្ដរជាតិផងដែរ, ទី២៖ គឺកត្ដាគ្រូ, ទី៣៖ កត្ដាសិស្ស, ទី៤៖ កត្ដាសង្គម គឺមាតាបិតា។

ការចូលរួមរបស់មាតាបិតា ក្នុងការវិនិយោគលើការសិក្សារបស់កូនៗរបស់ខ្លួន គឺជាកត្ដាដ៏សំខាន់បំផុត ។ដោយតាមរយៈការស្រាវជ្រាវ បានបង្ហាញថា ការវិនិយោគដែលមានផលចំណេញបំផុត គឺការវិនិយោគលើការអប់រំ ហើយការវិនិយោគដែលមានផលចំណេញខ្ពស់បំផុត គឺការវិនិយោគនៅកម្រិតមតេយ្យសិក្សា ដែលជាគ្រឹះសម្រាប់ឱ្យក្មេងមានបំនិននៅក្នុងការសិក្សាពេញមួយជីវិត ជាពិសសបំនិនសង្គម។ ដូច្នេះនៅក្នុងឱកាសនេះ លោកស្រីរដ្ឋលេខាធិការប្រចំាការក្រសួងអប់រំ បានថ្លែងអប់រំដល់មាតាបិតាសិស្សានុសិស្សទាំងអស់ ដែលខិតខំប្រឹងប្រែងក្នុងការជំរុញកូនមកសិក្សារៀនសូត្រនេះ។

ទន្ទឹមនឹងនោះលោកស្រីក៏បានថ្លែងអំណរគុណដល់សាលាអន្ដរជាតិប្រាយឡាញ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ពិសេសលោកស្រីបានសង្ឃឹមថាយ៉ាងមុតមាំថា សាលានឹងនៅតែបន្ដអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំទៅលើកម្មវិធីសិក្សាស្របតាមស្ដង់ដារជាតិ និងអន្ដរជាតិ ដើម្បីបន្ដចូលរួមដើរតួនាទីដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលមូលធនមនុស្ស ដែលឆ្លើយតបទៅនឹងភាពខ្លាំង ជាពិសេសគឺសម្រេចបាននូវអ្វីដែលជាការរំពឹងទុករបស់មាតាបិតា ក្នុងការវិនិយោគទៅលើបុត្រធីតារបស់គាត់ និងបន្ដក្លាយជាគ្រឹះស្ថានសិក្សាមួយដែលអាចផ្លាស់ប្ដូរជោគវាសនារបស់សិស្សានុសិស្ស ក៏ដូចជាសម្រេចបាននូវអ្វីជាក្ដីសុបិន្ដរបស់សិស្សានុសិស្សផងដែរ។

ជាមួយគ្នានោះលោកស្រី អាណាមីកា សាម៉ា នាយិការនៃសាលាអន្ដរជាតិប្រាយឡាញ បានបញ្ជាក់ថា ចក្ខុវិស័យរបស់សាលា គឺដើម្បីបណ្តុះនូវចំណង់ចំណូលចិត្តសម្រាប់ការសិក្សាពេញមួយជីវិត ដោយផ្តល់នូវគុណតម្លៃតម្លៃស្នូលរបស់សាលា (BLIS) ផ្អែកលើ -ភាពជឿជាក់ ភាពជាអ្នកដឹកនាំ ការបណ្ដុះគំនិត និងភាពជោគជ័យទាំងអស់គ្នា ដើម្បីឱ្យសិស្សានុសិស្សរបស់យើង ក្លាយជាអ្នកមានបញ្ញា ការគោរព ភាពមាំមួន និងបុគ្គលភាព។

«យើងពិតជាមានមោទនភាពណាស់ ដោយក្នុងឆ្នាំសិក្សានេះ សិស្សានុសិស្សទទួលបានជោគជ័យ១០០% ទាំងកម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាចំណេះទូទៅជាតិ ជាមួយនឹងសិស្សានុសិស្សជាច្រើនទទួលបានពិន្ទុសខ្ពស់ លើសពីការរំពឹងទុក។ លោកស្រីក៏គូសរម្លឹកសមិទ្ធផលរបស់សិស្សានុសិស្សរបស់ខ្លួន ដែលកន្លងទៅនេះបានឈ្នះមេដាយក្នុងការប្រកួតនៅលើឆាកអន្ដរជាតិ ដូចជា៖ Singapore Maths, Challenge SMC, Singapore Math Global Final SMGF, Singapore & សាលាអាស៊ីគណិតវិទ្យាអូឡាំព្យាដ -SASMO អាមេរិក, គណិតវិទ្យាអូឡាំព្យាដ AMO និង World Scholar Cupជាដើម។

លោកស្រីបន្ដថា «យើងបានបង្កើតបរិយាកាសសិក្សាសម្រាប់សិស្សរបស់យើង ដោយផ្តល់ពួកគេជាមួយនឹងផ្ទះទីពីរ ដែលមានសុវត្ថិភាព និងវិជ្ជមាន ដែលពួកគេមានផាសុកភាព មានការគាំទ្រ ចេះប្រឈមនឹងបញ្ហា និងផ្ដល់សិទ្ធិអំណាច។ សិស្សរបស់យើងពូកែទាំងការប្រកួតខាងក្នុង និងខាងក្រៅសាលា។ ក្នុងការប្រកួតប្រជែងនានា ពួកគេបាននាំយកមេដាយជាច្រើនពីការប្រកួតគណិតវិទ្យា Olympiad ។ ក្នុងនាមជានាយកសាលា ជារង្វាន់ធំណាស់សម្រាប់ខ្ញុំ ហើយក៏ជាសក្សីភាពនូវទំនុកចិត្ត ដែលកើតចេញពីការខិតខំប្រឹងប្រែង និងជោគជ័យរបស់ពួកគេ ។

សាលាអន្ដរជាតិ ប្រាយឡាញ បានបង្កើតឡើងក្នុងឆ្នាំ២០១៧ ដែលមានបុគ្គលិកត្រឹមតែ ៥២នាក់ និងសិស្សចំនួន ២៧០នាក់ប៉ុណ្ណោះ។ បច្ចុប្បន្នសាលាអន្ដរជាតិប្រាយឡាញមានសិស្ស កើនឡើងទ្វេដងក្រោយមានការគំាទ្រខ្ពស់ពីមាតាបិតាសិស្ស។

លោកស្រីបានថ្លែងទៀតថា «យើងមានសេចក្ដីសោមនស្សរីករាយក្នុងការបន្តស្វាគមន៍ ការមកទស្សនា សាលាអន្តរជាតិប្រាយឡាញ និងទទួលបទពិសោធន៍ពីរផ្សេងគ្នា សម្រាប់លោក លោកស្រី។ យើងជឿជាក់ថាកូនរបស់អ្នកនឹងរីកចម្រើន នៅក្នុងបរិយាកាសដែលយកចិត្តទុកដាក់របស់យើង។ សាលាអន្តរជាតិប្រាយឡាញ, យើងចាត់ទុកខ្លួនយើង មិនគ្រាន់តែជាសាលាប៉ុណ្ណោះទេ តែយើងគឺជាគ្រួសារដែលមានគាំទ្រពេញទំហឹង។ យើងធ្វើការក្នុងភាពជាដៃគូជាមួយឪពុកម្តាយ ដើម្បីបណ្តុះទំនាក់ទំនងសាលារៀន និងផ្ទះរឹងមាំ តាមរយៈការបើកចំហការប្រាស្រ័យទាក់ទង និងការចូលរួមយ៉ាងសកម្មរបស់មាតាបិតា។

លើសពីនោះគឺសាលាអន្ដរជាតិប្រាយឡាញ គឺបានក្លាយជាសាលា ដែលមានស្តង់ដាCambridge។ សាលាកំពុងធ្វើការយ៉ាងសកម្ម ដើម្បីបង្កើនកម្មវិធីសិក្សារបស់ខ្លួនដោយ
ការរួមបញ្ចូលក្របខ័ណ្ឌកម្មវិធីសិក្សា Cambridge ជាមួយនឹងគោលការណ៍ណែនាំកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ហើយក៏មានគម្រោងថ្មីជាច្រើន នៃសមាជិករបស់ Cambridge ទៅលើកម្មវិធីសិក្សាជារៀងរាល់ឆ្នាំ។

ព្រមជាមួយគ្នានោះដែរ សម្រាប់មាតាបិតាសិស្សានុសិស្ស ដែលបានមកចូលរួមអបអរកូនរបស់ខ្លួនទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា និងបណ្ណសរសើរ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និងប្រាប់បណ្ដាញព័ត៌មាន Fresh News ស្រដៀងគ្នាៗថា ក្នុងនាមជាអាណាព្យាបាល ពេលឃើញកូនមានវ័យឆ្លាត រឹងមាំ និងក្លាហ៊ាន ពិសេសការសិក្សាបានលទ្ធផលជោគជ័យជាបន្ដបន្ទាប់ គឺសប្បាយចិត្ដខ្លាំងណាស់ និងបេ្ដជ្ញាបន្ដជំរុញកូនឱ្យបានសិក្សារហូតដល់ចប់ ពិសេសបន្ដសិក្សានៅសាលាអន្ដរជាតិប្រាយឡាញ៕