(អឺរ៉ុប)៖ អតីតខ្សែប្រយុទ្ធឆ្នើមប្រចាំលីគអង់គ្លេស Craig Bellamy នឹងត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ជម្រើសជាតិវេលស៍ ក្នុងជំនួសតំណែងរបស់លោក Rob Page ក្នុងគោលដៅដឹកនាំក្រុមបន្តការប្រកួតប្រជែងវគ្គជម្រុះ World Cup 2026 ក្នុងតំបន់។ នេះបើតាមប្រភពពី BBC បានឱ្យដឹងនាថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២៤។

លោក Craig Bellamy មានវ័យ ៤៤ឆ្នាំ ធ្លាប់ជាអតីតខ្សែប្រយុទ្ធឆ្នើមមួយរូបជាមួយក្លិបលំដាប់នៃលីគអង់គ្លេស មានដូចជាក្លិប Liverpool, Manchester City និង West Ham United ជាដើម និងធ្លាប់ទទួលបានការងារគ្រូបង្វឹកស្តីទីនៅក្លិប Burnley មុនពេលការតែងតាំងលោក Scott Parker។

Craig Bellamy ក៏ត្រូវបានគេរំពឹងថា នឹងត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ជម្រើសជាតិវេលស៍ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ខណៈលោកជាអតីតកីឡាករម្នាក់ធ្លាប់លេងបានចំនួន ៧៨ប្រកួតសម្រាប់ជម្រើសជាតិវេលស៍ មុនពេលចូលនិវត្តន៍កាលឆ្នាំ២០១៣។

ជាមួយគ្នានេះ ការដឹកនាំក្រុមដំបូងរបស់លោក Craig Bellamy គឺការប្រកួតប្រជែងស្វែងរកកៅអីឡើងទៅលេងក្នុងកម្រិត UEFA Nations League A ដែលពេលនេះក្រុមវេលស៍ កំពុងស្ថិតគ្រុបទី៤ នៃកម្រិត UEFA Nations League B នៃរដូវកាល២០២៤-២៥៕