(ម៉ូនិច)៖ អេស្ប៉ាញ នឹងត្រូវពើបប្រទះក្រុមខ្លាំង មាន់គកបារាំងនារាត្រីនេះ ក្នុងការប្រជែងកៅអី ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA European Championship 2024 ដែលមានអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះ។

ការប្រកួតរវាងក្រុមខ្លាំងទាំងពីរខាងលើនេះ នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Allianz Arena ដែលជាទឹកដីរបស់ក្លិបអាជីព Bayern Munich ស្ថិតក្នុងទីក្រុង Munich ផងដែរ ដោយមានលោក Slavko Vincic សញ្ជាតិស្លូវេនី ជាមន្រ្តីអាជ្ញាកណ្តាលលើទីលាន នាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា (ម៉ោងនៅកម្ពុជា)។

នេះជាគូបើកឆាកនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនពេលអង់គ្លេសជួបហូឡង់ នាថ្ងៃទី១១ នៃខែដដែល ក្នុងការប្រជែងកៅអីឡើងផ្តាច់ព្រ័ត្រ Euro លើកទី១៧ នៅពេលវគ្គដណ្តើមពាន នឹងធ្វើឡើងនាចុងសប្តាហ៍នេះផងដែរ ដោយពុំមានប្រកួតយកចំណាត់ថ្នាក់លេខ៣ នោះទេ។

ផ្អែកតាមស្ថិតិពីគេហទំព័រ Home of football statistics and history (11v11.com) រវាងអេស្ប៉ាញ និងបារាំង ធ្លាប់ជួបគ្នាសរុប ៣៦លើក គិតចាប់តាំងពីឆ្នាំ១៩២២ មក ស្របពេលគោជល់អេស្ប៉ាញធ្លាប់ឈ្នះ ១៦ដង ស្មើ ៧ដង និងចាញ់បារាំង ១៣ដង។

ការជួបគ្នាលើកនេះ វាជាកំណត់ត្រាលើកទី៧ ផងដែរវាងក្រុមខ្លាំងពីរនៅ Euro គ្រាដែលអេស្ប៉ាញ អតីតជើងឯក ៣សម័យមួយនេះធ្លាប់ចាញ់បារាំង អតីតជើងឯក ២សម័យដល់ទៅ ៤លើក ស្មើ ១លើក និងឈ្នះតែម្តងគត់កាលឆ្នាំ២០១២ ជាពេលដែលពួកគេបានឈ្នះជើងឯកកាលប្រទេសប៉ូឡូញ និងអ៊ុយក្រែន បានធ្វើម្ចាស់ផ្ទះរួមគ្នា។

បារាំង បានយកឈ្នះអេស្ប៉ាញ ២-១ កាលជួបគ្នាចុងក្រោយ នៃវគ្គផ្តាច់ព្រ័ត្រពាន UEFA Nations League 2021 ជាក្រុមលេខ២ ចេញពីពូល D តាមរយៈលេង ៣ប្រកួត ឈ្នះ២ និងស្មើ១ ដែលបានទម្លាក់ប៊ែលហ្សិក ១-០ ក្នុងវគ្គ ១៦ក្រុម មុនលេងឈ្នះព័រទុយហ្គាល់ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៥-៣ ដើម្បីឡើងមកប៉ះអេស្ប៉ាញ ដែលបានទម្លាក់ម្ចាស់ផ្ទះអាល្លឺម៉ង់ ២-១ ក្នុងម៉ោងថែម ១៥នាទី ២ដង ក្រោយពេលវាយបកឈ្នះហ្ស៊ិកហ្ស៊ី ៤-១ ក្នុងនាមជាក្រុមលេងឈ្នះទាំង ៣ប្រកួតតែម្តងចេញពីពូល B៕