(បរទេស)៖ ASML គឺជាក្រុមហ៊ុនលក់ឧបករណ៍ផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក និងជាក្រុមហ៊ុនដ៏មានតម្លៃថ្លៃបំផុតទីបីនៅអឺរ៉ុប ដែលមានមូលធនប័ត្រទីផ្សារចំនួន៣៩០ពាន់លានអឺរ៉ូ នៅថ្ងៃច័ន្ទសប្តាហ៍នេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានហក់ឡើងខ្ពស់មិនធ្លាប់មានជាលើកដំបូង រហូតដល់ខ្ទង់ ១,០៤៨ដុល្លារ ក្នុងមួយហ៊ុន។ ការកើនឡើងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះ គឺស្របពេលដែលក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC កំពុងមានកំណើនប្រាក់ចំណូលវិជ្ជមាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។

ភាគហ៊ុនរបស់ក្រុមហ៊ុនខាងលើទទួលបានតម្លៃថ្លៃបែបនេះ នៅពេលដែល TSMC របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេ មើលឃើញពីតម្រូវការខ្លាំងសម្រាប់បន្ទះឈីប AI ដែលកំពុងឈានមុខគេ។ ជាក់ស្តែងនៅចុងសប្តាហ៍ស្ថាប័នវិភាគទីផ្សារ Morgan Stanley និង JPMorgan បានចេញកំណត់ត្រាថ្មីពីសុទិដ្ឋិនិយមនៃអនាគតរបស់ TSMC ។ គេបានដឹងថា តម្លៃភាគហ៊ុនរបស់ ASML កើនឡើង ០.៤% គិតត្រឹមថ្ងៃច័ន្ទសប្តាហ៍នេះ និងបានកើនឡើង ៤៦% ក្នុងឆ្នាំរហូតដល់បច្ចុប្បន្ន។

គួរជម្រាបថា ក្រុមហ៊ុន ASML ជាប់ចំណាត់ថ្នាក់ទីបីក្នុងចំណោមក្រុមហ៊ុននៅអឺរ៉ុបទាក់ទងនឹងមូលធនកម្មទីផ្សារ បន្ទាប់ពីក្រុមហ៊ុន Novo Nordisk និង LVMH ។ ព័ន្ធនឹងការវិនិយោគលើវិស័យបន្ទះឈីប នៅក្នុងខែមេសាកន្លងទៅក្រុមហ៊ុន TSMC បាននិយាយថាខ្លួនគ្រោងនឹងចំណាយដើមទុនចន្លោះពី ២៨-៣២ពាន់លានដុល្លារនៅឆ្នាំនេះ។ ក្រុមហ៊ុននេះក៏នឹងរាយការណ៍ពីការលក់ខែមិថុនា នៅថ្ងៃទី ១០ខែកក្កដា និងប្រាក់ចំណូលត្រីមាសទីពីរនៅថ្ងៃទី ១៨ ខែកក្កដា ផងដែរ ខណៈ ASML រាយការណ៍ពីប្រាក់ចំណូលត្រីមាសទីពីរនៅថ្ងៃទី១៧ ខែកក្កដា ខាងមុខ៕