(ប៊ែកឡាំង)៖ សហព័ន្ធ UEFA បានចាត់តាំងបុរសសញ្ជាតិអាល្លឺម៉ង់ លោក Felix Zwayer ដើម្បីកាត់ក្តីក្នុងប្រកួតរវាង អង់គ្លេស និងហូឡង់ស្អែកនេះក្នុងវគ្គ ៤ក្រុមចុងក្រោយពាន Euro 2024 ជាមន្រ្តីអាជ្ញាកណ្តាលមួយរូប ដែលធ្លាប់មានរឿងអាស្រូវធ្ងន់ធ្ងរកាលឆ្នាំ២០០៥។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Zwayer វ័យ ៤៣ឆ្នាំ ត្រូវបានដកបញ្ឈរជើងរយៈពេល ៦ខែកាលឆ្នាំ២០០៥ បន្ទាប់ពីរកឃើញថា មានការជាប់ពាក់ព័ន្ធទៅនឹងការរៀបចំលទ្ធផលប្រកួតទុកមុន ជាមួយមន្រ្តីអាជ្ញាកណ្តាលផ្សេងទៀតគឺលោក Robert Hoyzer។

គ្រានោះដែរ លោក Hoyzer ត្រូវបានដាក់ពិន័យអស់មួយជីវិត មិនឱ្យធ្វើសកម្មភាពទាំងឡាយណា ទាក់ទងនឹងបាល់ទាត់ឡើយ។

គួរបញ្ជាក់ផងថា រឿងអាស្រូវដ៏រសើបក្នុងបាល់ទាត់នេះដែរ ត្រូវបានបែកធ្លាយ និងឈានដល់ការស៊ើបអង្កេត បន្ទាប់ពីកីឡាករ Jude Bellingham បានធ្វើការរិះគន់លោក Zwayer ដែលមានទំនោរលំអៀងក្នុងប្រកួតរវាង Bayern Munich និង Borussia Dortmund។ ក្រោយមកនៅឆ្នាំ២០២១ ស្របពេល Bellingham កំពុងលេងឱ្យ Dortmund ផងនោះ កីឡាករអង់គ្លេសរូបនេះត្រូវបានពិន័យជាប្រាក់ ៣៤,០០០ផោន ពីបទរិះគន់ចំៗ ចំពោះមន្រ្តីអាជ្ញាកណ្តាលនៅអាល្លឺម៉ង់នេះ៕