(ភ្នំពេញ)៖ ចុងសប្តាហ៍នេះ ទិដ្ឋភាពសហគ្រិនភាពនៃរាជធានី ភ្នំពេញ មានការចាប់អារម្មណ៍គួរឲ្យកត់សម្គាល់ ដោយសហគ្រិនខ្មែរ បានរៀបចំកម្មវិធី UnipreneurCamp កម្រងទី១ ដែលជាកម្មវិធីដ៏ល្អមួយ ក្រោមក្របខណ្ឌកម្មវិធី «សហគ្រិនមហាវិទ្យាល័យ» ដោយជោគជ័យ។

កម្មវិធី Hackathon ប្រព្រឹត្តឡើងក្នុងរយៈពេលបីថ្ងៃ ជាមួយនឹងសកម្មភាពជាច្រើន ដែលរៀបចំនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បាននាំនិស្សិតចំនួន ២០០ នាក់មកពីសាកលវិទ្យាល័យចំនួន ៧ នៅទូទាំងរាជធានីភ្នំពេញ។

ក្នុងវគ្គទី១នេះ សហគ្រិននិស្សិតចំនួន ៤០ ក្រុមត្រូវបានបង្កើតឡើង ពោរពេញដោយភាពស្វាហាប់ និងការប្រកួតប្រជែង ហើយពួកគេបាន ធ្វើការស្រាវជ្រាវ និងរៀបចំបទបង្ហាញ អំពីគំនិត ដំណោះស្រាយ យ៉ាងល្អឥតខ្ជោះទៅកាន់គណកម្មការវាយតម្លៃ។

កម្មវិធីនេះ បានដំណើរការចាប់ពីថ្ងៃសៅរ៍ ទី ៦ ដល់ថ្ងៃចន្ទ ទី ៨ ខែកក្កដា ឆ្នាំ ២០២៤ ដែលមានគោលបំណងបំពាក់បំប៉ន និស្សិតនូវ ជំនាញបច្ចេកទេស និងជំនាញទន់ដែលផ្តល់ជាមូលដ្ឋានគ្រឹះ ក្នុងការកសាងធុរកិច្ចថ្មី។

និស្សិតទាំងអស់បាន ចាប់យកបទពិសោធន៍ជាសហស្ថាបនិកដោយផ្ទាល់ តាមរយៈការសិក្សាអំពីផ្នត់គំនិតជាសហគ្រិន និងវិធីសាស្ត្រល្អៗ ដូចជា ការរចនាផ្តោតលើអ្នកប្រើប្រាស់ (User-Centric Design) វិធីសាស្ត្របត់បែន (Lean Design) ការតេស្តសាកល្បងគំនិត (Validation) និងការកំណត់គុណតម្លៃ (Value Proposition)។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «គោលដៅរបស់សហគ្រិនខ្មែរ គឺបង្កើតបរិយាកាសមួយ ដែលផ្តល់ភាពងាយស្រួលសម្រាប់ យុវសិស្សក្នុងការអភិវឌ្ឍ និងធ្វើនវានុវត្តន៍។ តាមរយៈការប្រមូលផ្តុំគំនិតរបស់និស្សិតមកពីមជ្ឈដ្ឋាន និងសាកលវិទ្យាល័យផ្សេងៗគ្នា សហគ្រិនខ្មែរបានជំរុញស្មារតីសហការ ដែលមានតួនាទីសំខាន់ សម្រាប់ភាពជោគជ័យរបស់សហគ្រិននាពេលអនាគត»

កម្មវិធី Hackathon នេះបានបញ្ចប់ដោយក្រុមនីមួយៗ ធ្វើបទបង្ហាញជាសាធារណៈក្នុងទម្រង់សម្រាប់អ្នកវិនិយោគ ជាមួយនឹងការធ្វើបទ បង្ហាញ គំរូដំណោះស្រាយរបស់ពួកគេ។ វិធីសាស្រ្តនេះមិនត្រឹមតែអនុញ្ញាត ឲ្សនិស្សិតអនុវត្តចំណេះដឹង ទ្រឹស្តីតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់វេទិកាមួយដើម្បីបង្ហាញពីភាពច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហារបស់ពួកគេ ផងដែរ។

បណ្ឌិត Kaknika Lin សាកលវិទ្យាធិការរង ផ្នែកអភិវឌ្ឍន៍នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បានថ្លែងថា «យើងមានមោទនភាពក្នុងការគាំទ្រគំនិតផ្តួចផ្តើមដូចជា UnipreneurCamp ដែលពង្រឹងសមត្ថភាពនិង ជំនាញ និស្សិតដែលត្រូវការចាំបាច់ ដើម្បីទទួលបានជោគជ័យនៅក្នុងពិភពនៃការចាប់ ផ្តើមធុរកិច្ចថ្មី ដែលមានការវិវឌ្ឍន៍ យ៉ាងលឿន។ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ របស់យើងក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅក្នុង សហគមន៍ឧត្តមសិក្សារបស់យើង»

កម្មវិធីនេះ បណ្តុះបណ្តាលនិស្សិតឲ្យទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីអ្វីដែល ត្រូវការចាំបាច់ ដើម្បីក្លាយជាសហគ្រិន ឆ្នើមមួយរូប និង តម្រូវការជាក់ស្តែងដើម្បីប្រែក្លាយគំនិត របស់ពួកគេឱ្យទៅជាអាជីវកម្មដែលអាចដំណើរការបាន។ កម្មវិធីនេះ បានផ្តល់ឱកាសពិសេស សម្រាប់និស្សិត ក្នុងការរៀនពីអ្នកជំនាញ និងមិត្តនិស្សិតផ្សេងៗទៀត។

លោក Rusydi Khairul នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃ Reactor School បានមានប្រសាសន៍ថា «ការប្រារព្ធកម្មវិធី UnipreneurCamp នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ស្របគ្នាយ៉ាងល្អឥតខ្ចោះ ជាមួយនឹងគោលដៅរបស់យើង ក្នុងការផ្តល់ជូននូវការអប់រំកម្រិតកំពូល ដែលបំពាក់បំប៉ននិស្សិតនូវជំនាញចាំបាច់សម្រាប់ ដោះស្រាយបញ្ហាប្រឈមដែលពួកគេ នឹងជួបប្រទះនៅក្នុងសង្គមពិត។ ចំណាប់អារម្មណ៍ ការប្តេជ្ញាចិត្ត និងការចូលរួម យ៉ាងសកម្ម របស់សហគ្រិនវ័យក្មេងដែលបានបង្ហាញក្នុងកម្មវិធីនេះ គឺស្ទើរតែមិនគួរឱ្យជឿ ហើយយើងរំពឹងថា នឹងឃើញគំនិតច្នៃប្រឌិតរបស់ពួកគេ ត្រូវបានអនុវត្តក្លាយជាការពិត»

UnipreneurCamp កម្រងទី១ ដែលអនុវត្តដោយ Reactor School បានកំណត់ស្តង់ដារខ្ពស់សម្រាប់វគ្គ ដទៃទៀតដែលនឹងរៀបចំឡើងក្នុងសប្តាហ៍បន្តបន្ទាប់ ដែលបង្ហាញពី ឥទ្ធិពលនៃការសហការគ្នាវាងនិស្សិត និងសក្តានុពលរបស់សហគ្រិនវ័យក្មេង។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបានបំផុសគំនិតអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញ ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមដែលតភ្ជាប់ការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែង៕