(បរទេស)៖ ទទួលបានដំណឹងមកថាក្រុមហ៊ុន Microsoft នៅក្នុងប្រទេសចិនបានហាមឃាត់ប្រព័ន្ធប្រតិបត្តិការ Android ហើយជាលទ្ធផលបុគ្គលិកទាំងអស់និងត្រូវបានតម្រូវឱ្យផ្លាស់ប្តូរទៅកាន់ iPhone ក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider។

យោងតាមរបាយការណ៍របស់ Bloomberg បានឱ្យដឹងថា បុគ្គលិករបស់ Microsoft នៅក្នុងប្រទេសចិនត្រូវបានជូនដំណឹងឱ្យផ្លាស់ប្តូរពីស្មាតហ្វូន Android ទៅ iPhones នៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ ប្រភពដដែលបានឱ្យដឹងទៀតថា បុគ្គលិកដែលប្រើប្រាស់ទូរស័ព្ទ Android រួមទាំងក្រុមហ៊ុន Huawei ឬ Xiaomi ផ្ទាល់របស់ប្រទេសចិន ក្រុមហ៊ុននឹងផ្តល់ជូន iPhone 15 ក្នុងម្នាក់មួយគ្រឿង។

ការផ្លាស់ប្តូរគោលការណ៍នេះត្រូវបានជំរុញដោយការព្រួយបារម្ភរបស់របស់ Microsoft លើសុវត្ថិភាពនៃឧបករណ៍ Android និងកង្វះសេវាទូរស័ព្ទរបស់ Google នៅក្នុងប្រទេសចិន ដែលនាំទៅដល់ការរីកសាយនៃហាងកម្មវិធីជំនួសដែល Microsoft មិនទុកចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ Microsoft ក៏មានចេតនាឱ្យបុគ្គលិកទាំងអស់ដែលប្តូរទៅប្រើ iPhone នឹងអាចប្រើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ Microsoft Authenticator រួមទាំងកម្មវិធី Identity Pass របស់ខ្លួនផងដែរ។

គួរជម្រាបដែរថា Microsoft បានប្រកាសនៅក្នុងអនុស្សរណៈផ្ទៃក្នុងផ្ញើទៅបុគ្គលិក ហើយក្នុងនោះសូម្បីតែបុគ្គលិកនៅទីក្រុងហុងកុងក៏ត្រូវបានហាមឃាត់ការប្រើប្រាស់ Android ផងដែរ៕