(ភ្នំពេញ)៖ ថ្វីដ្បិតតែមិនបានជ័យជំនះក្នុងការប្រកួតបាល់ទាត់ ជាមួយក្រុមកីឡាករថ្នាក់ដឹកនាំខេត្តកំពត ក្តី ប៉ុន្តែក្រុមបាល់ទាត់ តារាកម្ពុជា រំភើបចិត្ត ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់អំណោយជារថយន្តក្រុងយ៉ាងស្រស់ស្អាតដល់ក្រុមរបស់ខ្លួន ដើម្បីធ្វើដំណើររាល់ពេលប្រកួតម្តងៗ និងចូលរួមកកម្មវិធីសប្បុរសធម៌នានា។

តារាចម្រៀងលោក ខេម ដែលជាប្រធានក្រុម បាល់ទាត់តារាកម្ពុជា បាននិយាយថា «រថយន្តសម្រាប់ដឹកកីឡាករបាល់ទាត់តារាកម្ពុជា ក្នុងការងារសង្គម និងការងារសប្បុរសធម៌ដែល ដែលជាអំណោយដ៏ថ្លៃថ្លាឧបត្ថម្ភដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ គោរពជូនពរសម្ដេចពុកសម្ដេចម៉ែ និងក្រុមគ្រួសារទទួលបាននូវសេចក្តីសុខសាន្ត សុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាម្លប់សម្រាប់កូនចៅរហូតតទៅ។ ពួកយើងនឹងនៅតែបន្តគ្រប់ការងារសកម្មភាពសង្គម និងការងារសប្បុរសធម៌ ដើម្បីសង្គមជាតិ និងដើម្បីប្រទេសកម្ពុជា ចូលរួមលេងកីឡាដើម្បីជាសឆ្ងាយពីគ្រឿងញៀន ដើម្បីសុខភាពកីឡារស់ក្នុងសន្តិភាព»។

ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពរវាង ក្រុមបាល់ទាត់ តារាកម្ពុជា និងក្រុមកីឡាករថ្នាក់ដឹកនាំ ខេត្តកំពត ក្រោមប្រធានបទ៖ «រួមគ្នាំគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ» បានបញ្ចប់ទៅដោយជោគជ័យ បើទោះបីជាខាងក្រុមបាល់ទាត់តារាកម្ពុជា បានចាញ់ ខាង ក្រុមកីឡាករថ្នាក់ដឹកនាំ ខេត្តកំពត ក្តីប៉ុន្តែមានអ្នចូលរួមទស្សនារហូតដល់ទៅ រាប់ម៉ឺននាក់ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់កីឡាករទាំងអស់។

សូមបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ទើបតែបង្កើតបានប៉ុន្មានខែប៉ុណ្ណោះ ប៉ុន្តែក្រុមបាល់ទាត់មួយក្រុមនេះ បានចូលរួមប្រកួតបាល់ទាត់សប្បុរសធម៌ ទទួលបានថវិកាជាច្រើនលានដុល្លារមកហើយ។

ជាថ្មីម្ដងទៀត លោក ខេម បានបន្តទៀតថា លោកនិងក្រុមរបស់ខ្លួន នឹងព្យាយាមរកព្រឹត្តការណ៍ល្អៗជាច្រើនទៀតដើម្បីជួយស្វែងរកថវិការជួយដល់មន្ទីរពេទ្យដែលខ្វះខាត និងជួបបញ្ហាប្រឈម។ សកម្មភាពរបស់ក្រុមបាល់ទាត់នេះ បានធ្វើឱ្យមហាជនលាន់មាត់សរសើរគ្រប់ៗគ្នា៕