(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនបាល់ពិភពលោក Davis Cup Asia/Oceania Group IV ឆ្នាំ២០២៤ បានធ្វើការចាប់ឆ្នោតបែងចែកពូលប្រកួតរួចហើយ នៅថ្ងៃអង្គារនេះ ដោយក្រុមម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូល B ជាមួយក្រុមភ្ញៀវគុយវ៉ែត អ៊ីរ៉ាក់ និងមីយ៉ាន់ម៉ា រីឯពូល A មានក្រុមជម្រើសជាតិកៀហ្ស៊ីស៊ីស្ថាន ស្រីលង្កា អារ៉ាប់រួម និងកាតា ហើយអនុញ្ញាតឲ្យមហាជនចូលរួមទស្សនាដោយសេរី មិនមានការលក់សំបុត្រនោះទេ ។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ នឹងប្រារព្ធពិធីបើកការប្រកួតជាផ្លូវការ នាព្រឹកថ្ងៃទី១០ ខែកក្កដានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រ រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ សម្រាប់ការប្រកួតមានរយៈពេល ៤ថ្ងៃ គឺចាប់ពីផ្តើមពីថ្ងៃទី១០-១៣ ខែកក្កដា ឆ្នាំ២០២៤ ។

លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាប្រធានដឹកនាំក្រុមជម្រើសជាតិកីឡាវាយកូនបាលកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនជាយូរមកហើយ ដើម្បីធ្វើម្ចាស់ផ្ទះផង ក៏ដូចជាការប្រកួតប្រជែងដណ្ដើមកៅអីក្រុម៣ ឬ Group III វិញផង ។ ដូច្នេះការចាប់ឆ្នោតស្ថិតក្នុងពូល B ជាមួយបេក្ខភាព ៣ក្រុមផ្សេងទៀត លោកមិនអាចធ្វេសប្រហែល ចំពោះក្រុមណាមួយឡើយ ហើយរឹតតែមិនអាចមើលងាយគូប្រជែង ផ្ទុយទៅវិញ លោកបានជំរុញកូនក្រុមត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមលទ្ធផលល្អជូនជាតិ ។

លោកបន្ដថា «សម្រាប់ការប្រកួតបើកឆាក ក្រុមកម្ពុជានឹងត្រូវប៉ះក្រុមអ៊ីរ៉ាក់ ដែលជាក្រុមមួយខ្លាំង ដែលកីឡាកររបស់គាត់ខិតខំហ្វឹកហាត់នៅប្រទេសរបស់គាត់ និងនៅសហរដ្ឋអាមេរិក ។ ដូច្នេះយើងនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីផ្តល់កិត្តិយស និងមោទកភាពសម្រាប់កម្ពុជាយើង។ ចំពោះក្រុមគុយវ៉ែត ដែលធ្លាប់ឡើងលេងដល់ Group II ក៏ជាក្រុមមួយខ្លាំងដែរ ដែលភាគច្រើនកីឡាកររបស់គាត់មកពីសហរដ្ឋអាមេរិក ។ ជារួមគ្រប់ក្រុមទាំងអស់ សុទ្ធតែជាឧបសគ្គរបស់កម្ពុជា ដែលយើងត្រូវយកចិត្តទុកដាក់គ្រប់ការប្រកួត ដើម្បីទទួលបានលទ្ធផលល្អ» ។

បន្ថែមលើនេះ អគ្គលេខាធិការសហព័ន្ធដដែល បានសម្ដែងក្ដីរីករាយ ដែលព្រឹត្តិការណ៍ពិភពលោកនេះ ត្រូវបានរៀបចំនៅកម្ពុជា ។ ដោយហេតុនេះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ពិសេសអ្នកស្រលាញ់ និងចូលចិត្តលេងកីឡាវាយកូនបាល់ ចូលរួមទស្សនាឲ្យបានច្រើនកុះករ ដ្បិតវត្តមានអ្នកគាំទ្រផ្ទាល់នៅទីលាន ប្រៀបដូចជាកីឡាករម្នាក់ទៀត ដែលនឹងជំរុញឲ្យក្រុមកីឡាវាយកូនបាល់កម្ពុជាកាន់តែមានកម្លាំងចិត្ត និងការខិតខំប្រឹងប្រែង ។ ចំពោះការចូលទស្សនា គឺពុំមានលក់សំបុត្រនោះទេ ហើយថែមទាំងមានឱកាសឈ្នះរង្វាន់ជាច្រើនទៀតផង ។

គួរដឹងថា ព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV (ក្រុម៤) ឆ្នាំ២០២៤ នៅកម្ពុជានេះ ប្រើរូបមន្ដវិលជុំក្នុងពូលនីមួយៗ ។ បន្ទាប់មកក្រុមលេខ១ និងលេខ២ នៃពូលA និងពូលB នឹងត្រូវធ្វើការប្រកួតខ្វែងពូល ដោយក្រុមលេខ១ ពូលA ត្រូវជួបលេខ២ ពូលB និងលេខ១ ពូលB ជួបលេខ២ ពូលA ដើម្បីស្វែងរកក្រុមឈ្នះ ឡើងទៅក្រុម ៣ ឬ Group III នាឆ្នាំ២០២៥ ខាងមុខ ៕