(រ៉ូម)៖ ក្លិប Fiorentina បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Moise Kean មកពីក្លិប Juventus លើកិច្ចព្រមព្រៀងអចិន្ត្រៃយ៍។ នេះបើតាមការបញ្ជាក់ពីក្លិបទាំងពីរ ដែលលេងនៅលីគកំពូលអ៊ីតាលី Serie A ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

Juventus នឹងទទួលបានប្រាក់ ១៤លានអឺរ៉ូ (១៤.១លានដុល្លារ) បូកនឹងប្រាក់លើកទឹកចិត្តបន្ថែម រហូតដល់ ៥លានអឺរ៉ូ ប៉ុន្តែក្លិបមិនបានបង្ហាញពីរយៈពេលនៃកិច្ចព្រមព្រៀងរបស់កីឡាករ Kean នោះទេ។

កីឡាករវ័យ ២៤ឆ្នាំ ដែលបានលេង ១៥លើកសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលី និងរកបាន ៤គ្រាប់រូបនេះ ក៏ធ្លាប់លេងឱ្យក្លិប Paris St. Germain និងក្លិប​ Everton ផងដែរ។

Kean ដែលមានរដូវកាលដ៏ខកចិត្តនៅក្លិប Juventus នោះ បានតស៊ូជាមួយនឹងរបួសស្មងជើង និងបានលេង ២០ប្រកួត ដោយមិនរកបានគ្រាប់បាល់ ឬក៏ជួយឱ្យរកបានគ្រាប់បាល់នោះទេ។

Fiorentina បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៨ នៅលីគ Serie A និងគ្រងតំណែងជើងឯករង UEFA Conference League សម្រាប់រដូវកាលទី២ ជាប់ៗគ្នា៕