(ឡុងដ៍)៖ ក្លិប Ipswich ទើបឡើងមកលេងថ្មីនៅលីគ Premier League នោះ បានផ្តល់ជូនតម្លៃ ១៨លានផោន ដែលត្រូវបានទទួលយកសម្រាប់ខ្សែបម្រើស្លាប Jaden Philogene របស់ក្លិប Hull ហើយក៏ខិតជិតនឹងនាំយកខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Liam Delap ផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

Ipswich បានយល់ព្រមចំណាយប្រាក់ ២០លានផោន សម្រាប់កីឡាករ U-21 អង់គ្លេស Delap ខណៈពួកគេកំពុងត្រៀមខ្លួន ក្នុងការវិលត្រឡប់ទៅលេងនៅលីគ Premier League វិញ។

ខ្សែបម្រើស្លាប Jaden Philogene មានក្លិបធំៗជាច្រើនទៀត បានចាប់អារម្មណ៍ ក្នុងការចុះកិច្ចសន្យាជាមួយ ក្នុងនោះមានដូចជាក្លិប Everton, Aston Villa, Crystal Palace និងក្លិប Barcelona ផងដែរ។

​កីឡាករវ័យ ២១ឆ្នាំ Philogene រកបាន ១២គ្រាប់ ក្នុង ៣២ប្រកួត សម្រាប់ក្លិប Hull កាលពីរដូវកាលមុន ខណៈពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៧ នៅលីគ Championship។

សូមជម្រាបថា Ipswich នឹងស្វាគមន៍ក្លិប Liverpool នៅកីឡដ្ឋាន Portman Road សម្រាប់ការប្រកួតបើករដូវកាលរបស់ពួកគេ នៅថ្ងៃទី១៧ ខែសីហា៕