(ប៉ារីស)៖ អ្នកចាត់ការបារាំង Thierry Henry បានកោះហៅខ្សែបម្រើថ្មីរបស់ក្លិប Bayern Munich កីឡាករ Michael Olise និងអតីតខ្សែប្រយុទ្ធក្លិប Arsenal កីឡាករ Alexandre Lacazette ចូលក្នុងក្រុមកីឡាករ ១៨នាក់ចុងក្រោយរបស់លោក សម្រាប់ព្រឹត្តិការណ៍ Olympics ដែលពួកគេធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែកីឡាករ Warren Zaire-Emery របស់ក្លិប Paris St. Germain មិនទទួលបានការកោះហៅនោះទេ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

កីឡាករដែលលេងនៅព្រឹត្តិការណ៍ Olympic ត្រូវមានអាយុក្រោម ២៣ឆ្នាំ ដោយក្រុមនីមួយៗ អនុញ្ញាតឱ្យដាក់បញ្ចូលកីឡាករអាយុលើសតែ ៣នាក់ប៉ុណ្ណោះ។ អ្នកចាត់ការ Henry បានជ្រើសរើសកីឡាករ Lacazette វ័យ ៣៣ឆ្នាំ, Jean-Philippe Mateta វ័យ ២៧ឆ្នាំ និង Loic Bade វ័យ ២៤ឆ្នាំ ជាកីឡាករមានអាយុលើសក្នុងក្រុម។

កីឡាករ Zaire-Emery និង Bradley Barcola របស់ក្លិប PSG ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបឋម ប៉ុន្តែមិនមានឈ្មោះក្នុងបញ្ជីចុងក្រោយនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសបារាំង បានចុះផ្សាយថា PSG មានភាពស្ទាក់ស្ទើរ ក្នុងការអនុញ្ញាតឱ្យកីឡាកររបស់ពួកគេ ប្រកួតក្នុងព្រឹត្តិការណ៍នេះ។

សូមជម្រាបថា បារាំងដែលបានឈ្មោះមេដាយមាស នៅព្រឹត្តិការណ៍ Los Angeles Games ក្នុងឆ្នាំ១៩៨៤ នោះ នឹងប្រកួតលើកដំបូងក្នុងពូល A របស់ពួកគេ ទល់នឹងក្រុមសហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែកក្កដា មុនពេលជួបជាមួយហ្គីណេ និងណូវែលសេឡង់៕