(អាល្លឺម៉ង់)៖ ក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ បានឡើងទៅឈរចាំវគ្គផ្តាច់ព្រ័ត្រ European Championship 2024 ក្រោយពីបានវាយបកទម្លាក់ក្រុមជម្រើសជាតិបារាំង ២-១ ពីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវរង់ចាំជួបក្រុមឈ្នះរវាងតោកំណាចអង់គ្លេស ឬក្រុមទឹកក្រូចហូឡង់ ខណៈនេះជាការឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានជាលើកទី៤ របស់អេស្ប៉ាញ ដែលមានអាល្លឺម៉ង់ ជាម្ចាស់ផ្ទះជំនាន់ទី១៧។

អេស្ប៉ាញ ជាក្រុមឈ្នះពាន Euro ចំនួន ៣សម័យកាលមកហើយ ជាមួយការធ្លាន់រងជើងឯកនៅឆ្នាំ១៩៨៤ ១លើកផងដែរ ខណៈការវាយបកយកឈ្នះក្រុមមាន់គកបារាំង ២-១ គឺជាការធ្វើបានសម្រេចដោយកីឡាករវ័យក្មេង Lamine Yamal និងកីឡាករ Dani Olmo ក្រោយពេលការនាំមុខរបស់បារាំង ជាការស៊ុតរបស់កីឡាករ Randal Kolo Muani ទាំងពីនាទី ៩។

សូមជម្រាបផងថា សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2024 នឹងលេងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នាវេលាម៉ោង ២:០០នាទីយប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ខណៈក្រុមឈ្នះរវាងអង់គ្លេស ឬហូឡង់ នឹងឡើងទៅជួបក្រុមអេស្ប៉ាញ ក្រោយបញ្ចប់ការប្រកួតនាយប់ម៉ោង ២:០០នាទីរាត្រីនេះ៕