(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សា Apple ត្រូវបានគេដឹងថា កំពុងតែត្រៀមបញ្ចេញ iPhone 16 Series មកលើទីផ្សារ សម្រាប់ឆ្នាំ២០២៤នេះ ក្នុងនោះរួមទាំងម៉ូដែល iPhone 16 Pro ផងដែរ។ ជាទូទៅសម្រាប់ខែប្រកាសចេញជាផ្លូវការ Apple តែងតែធ្វើឡើងនៅខែកញ្ញា ឬខែតុលាជារៀងរាល់ឆ្នាំ។ តែយ៉ាងណា សម្រាប់ iPhone 16 Pro នៅពេលនេះត្រូវបានគេទម្លាយថាអាចប្រើកាមេរ៉ា 5x Optical Zoom ដូច iPhone 15 Pro Max អ៉ីចឹង។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន 91mobiles។

បើតាមការបញ្ជាក់នៅលើរបាយការណ៍របស់ DigiTimes បានឲ្យដឹងថា ស្មាតហ្វូនស៊េរីថ្មី iPhone 16 Pro របស់ក្រុមហ៊ុន Apple នឹងបំពាក់នូវកាមេរ៉ា  tetraprism periscope ជាមួយនឹងមុខងារ 5x optical zoom ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ នៅលើស្មាតហ្វូន iPhone 15 Pro Max នាពេលកន្លងមក។ បញ្ជាក់ខាងលើនេះ ក៏បង្ហាញដែរថាក្រុមហ៊ុនផលិត Lens របស់តៃវ៉ាន់ Largan Precision និង Genius Electronic Optical (GSEO) នឹងក្លាយជាអ្នកផ្គត់ផ្គង់ផ្តាច់មុខទៅលើកាមេរ៉ា  tetraprism នៅលើស្មាតហ្វូន iPhone 16 Pro។ ក្រុមហ៊ុន Largan គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់នូវ periscope lenses សម្រាប់ស្មាតហ្វូន iPhone 15 Pro Max ដែលចេញលក់នៅលើទីផ្សារ ហើយពេលនេះ មានការរំពឹងថា ក្រុមហ៊ុននេះ នឹងទទួលបាននូវការបញ្ជាទិញច្រើនជាងមុន។ 

គួរជម្រាបថា កាមេរ៉ា tetraprism periscope lens ដែលមាននៅលើស្មាតហ្វូន  iPhone 15 Pro Max កន្លងមក មានការប្រើប្រាស់នូវមុខងារហ៊្សូមបាន 5x optical zoom និង  25x digital zoom ដែលមានការពង្រឹងសមត្ថភាពខ្លាំងជាងម៉ូដែលជំនាន់មុននេះ។ បន្ថែមពីនេះទៀតនោះ កាមេរ៉ា  periscope lens នេះ ក៏នឹងមានការពង្រឹងទៅលើមុខងារ image stabilization និងការថតនៅពេលដែលមានពន្លឺទាបថែមទៀតផង៕