(ប៊ែកឡាំង)៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងត្រូវប្រជែងកៅអីវគ្គផ្តាច់ព្រ័ត្រ ទល់នឹងហូឡង់នៅរាត្រីនេះ ដើម្បីបិទបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA European Championship 2024 ដែលមានអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះ។

តើជំនួបទី៥០ នៅ Euro លើកទី១៧ នេះរវាងតោកំណាចអង់គ្លេស ឬក៏ទឺកក្រូចហូឡង់ ជាអ្នកឡើងទៅជួបអេស្ប៉ាញ ដណ្តើមជើងឯកនាចុងសប្តាហ៍នេះ។

អង់គ្លេស ប៉ះហូឡង់ នឹងធ្វើឡើងនាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ នាកីឡដ្ឋាន Signal Iduna Park ទឹកដីរបស់ក្លិបអាជីព Borussia Dortmund ដោយមានលោក Felix Zwayer សញ្ជាតិអាល្លឺម៉ង់ ជាមន្រ្តីអាជ្ញាកណ្តាលលើទីលាន។

អង់គ្លេស អតីតជើងឯករងកាល Euro 2020 ជាក្រុមលេខ១ ចេញពីពូល C តាមរយៈលេង ៣ប្រកួតមិនចាញ់ឡើយ ដោយឈ្នះ១ និងស្មើ២លើក។ មុនឈានដល់វគ្គ ៤ក្រុមចុងក្រោយនេះ ពួកគេបានទម្លាក់ស្លូវ៉ាគី និងស្វីស ពីក្នុងវគ្គ ១៦ក្រុម និង ៨ក្រុម ស្របពេលគូប្រជែងហូឡង់ អតីតធ្លាប់ឈ្នះពាន Euro ១លើកកាលឆ្នាំ១៩៨៨ ជាក្រុមលេខ៣ ល្អចេញពីពូល D ដោយលេង ៣ប្រកួតសន្សំពិន្ទុ ភ្លក្សគ្រប់រសជាតិពោលគឺ ឈ្នះ១ ស្មើ១ និងចាញ់១។ ពួកគេបានយកឈ្នះរ៉ូម៉ានី និងតួកគី ក្នុងវគ្គចាញ់-ធ្លាក់ ដើម្បីឡើងមកជួបអង់គ្លេស វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុមឈ្នះ នឹងឡើងទៅប៉ះគោជល់អេស្ប៉ាញ ដែលបានទម្លាក់មាន់គកបារាំង ២-១ ដោយប្រើពេលត្រឹម ៤នាទីប៉ុណ្ណោះ ក្នុងការរកបាន ២គ្រាប់ជ័យជម្នះវិញ បន្ទាប់ពីបារាំងបានបើកការនាំមុខ ១គ្រាប់មុនតាំងពីនាទីទី៩ មកក្នុងការប្រកួតយប់មិញនេះ ដោយពុំមានការប្រកួតយកចំណាត់ថ្នាក់លេខ៣ ដូច World Cup ឡើយ៕