(បារាំង)៖ អភិបាលក្រុង Marseille មានក្រើនរំលឹកទៅកាន់ក្លិប Olympique de Marseille កុំឱ្យមានការចុះកិច្ចសន្យានាំយកកីឡាករសញ្ជាតិអង់គ្លេស Mason Greenwood ដ្បិតក្លិបមានការចូលរួមដេញថ្លៃជាមួយក្លិប Manchester United ។

ប្រភពពី BBC បានឱ្យដឹងនាថ្ងៃទី១០ ខែកក្កដានេះ ក្លិបបាល់ទាត់នៃលីគបារាំង Marseille មានការផ្តល់ជូនក្នុងដេញថ្លៃប្រមាណ ២៧លានផោន ក្នុងការទទួលយកខ្សែប្រយុទ្ធមានវ័យ ២២ឆ្នាំ Greenwood ដែលរូបគេធ្លាប់បានចេញទៅលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិបអេស្ប៉ាញ Getafe នារដូវកាល២០២៣-២៤ ដ្បិតកំពុងនៅសល់ ១ឆ្នាំទៀតក្នុងកិច្ចសន្យាជាមួយបិសាក្រហម។

ខណៈអភិបាលក្រុង លោក Benoit Payan បានប្រាប់វិទ្យុបារាំង RMC ថា លោកនឹងស្មើសុំប្រធានក្លិប Marseille លោក Pablo Longoria កុំឱ្យចុះកិច្ចសន្យានាំយកកីឡាករ Greenwood ដោយលោកបានលើកឡើងថា «ខ្ញុំមិនចង់ឱ្យក្លិបរបស់ខ្ញុំ ត្រូវបានគ្របដណ្តប់នៅរឿងភាពអាម៉ាស់នោះទេ វាមិនអាចទទួលយកបានទេ»

រំលឹកផងថា កាលពីខែសីហា ក្លិប Man United បានលើកឡើងបន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងថា «មានការយល់ព្រមគ្នាទៅវិញទៅមក» ហើយកីឡាករ Greenwood គួរតែបន្តអាជីពរបស់គាត់ នៅឱ្យឆ្ងាយពី Old Trafford ខណៈថ្មីៗនេះ រូបគេក៏មានកិច្ចប្រជុំខ្លីមួយ ហើយថ្នាក់ដឹកនាំក្លិបបិសាចក្រហមបានប្រាប់ថា ចំពោះខ្សែប្រយុទ្ធរូបនេះ ពួកគេបានកំពុងស្វែងរកជម្រើសក្នុងការលក់ចេញនារដូវក្តៅនេះ ៕