(វ៉ាស៊ីនតោន)៖ អាហ្សង់ទីន បានធ្វើដំណើរឆ្ពោះទៅការពារតំណែងជើងឯកពាន Copa America ជាបន្តទៀត ក្រោយទម្លាក់គូប្រជែងកាណាដា ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះ (ម៉ោងនៅកម្ពុជា) ស្របពេលប្រធានក្រុម Lionel Messi រកបានគ្រាប់បាល់ដំបូងក្នុងកម្មវិធី ២ម្តងនេះ។

អាហ្សង់ទីន អតីតជើងឯកពានរង្វាន់ប្រចាំតំបន់អាមេរិកឡាទីន ១៥សម័យកាលស្មើជាមួយអ៊ុយរ៉ូហ្គាយនោះ បានយកឈ្នះកាណាដា ប្រទេសម្ចាស់ផ្ទះ World Cup 2026 ជាមួយមិចស៊ិក និងអាមេរិកដោយស្រួល តាមរយៈគ្រាប់បាល់ ២ទល់នឹង០ ធ្វើបានដោយកីឡាករ Julian Alvarez មកពីក្លិប Manchester City នៅនាទី២២ នៅមុនពេល Messi ដែលបានរួមចំណែកជួយអាហ្សង់ទីនឈ្នះជើងឯក World Cup 2022 នៅកាតា រកបានគ្រាប់ទី២ នៅនាទី៥១។

នេះមានន័យថា ក្រុមដែលដឹកនាំដោយលោក Lionel Scolani ត្រូវរង់ចាំរវាងក្រុមឈ្នះអ៊ុយរ៉ូហ្គាយ ឬក៏កូឡុំប៊ី ក្នុងការប្រជែងជើងឯក Copa America 2024 ដែលមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះនាថ្ងៃទី១៤ ខែកក្កដា ក្រោយពេលកាណាដា ត្រូវរង់ចាំក្រុមចាញ់ ដើម្បីប្រកួតយកចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម ១៦ក្រុមចូលរួមលើកនេះ។

ជាមួយគ្នានោះដែរ កីឡាករ Lautaro Martinez ខ្សែប្រយុទ្ធជ្រើសរើសចេញពីក្លិបអ៊ីតាលី Inter Milan ប្រកៀកទៅនឹងការឈ្នះស្បែកជើងមាស Golden Boot ផងដែរ ដ្បិតមាន ៤គ្រាប់ក្នុងដៃច្រើនជាងគេដាច់នាពេលនេះ តាមពីក្រោយដោយ Salomon Rondon ដែលមាន ៣គ្រាប់ ប៉ុន្តែវេណេហ្សូអេឡាបានហាលអាវត្រឹមវគ្គ ៨ក្រុម៕