(អឺរ៉ុប)៖ តើនរណាជាកីឡាករវ័យក្មេងជាងគេអាចស៊ុតបញ្ចូលទីបាននៅប្រវត្តិប្រកួតបាល់ទាត់តំបន់អឺរ៉ុប Euro ? ខណៈការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់តំបន់អឺរ៉ុប UEFA European Championship បានឈានមកដល់ជំនាន់ទី១៧ ដែលប្រទេសអាល្លឺម៉ង់ ជាម្ចាស់ផ្ទះការប្រកួត ឆ្នាំ២០២៤ ក្នុងនោះការប្រកួតបានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ដោយមានក្រុមអេស្ប៉ាញ ឡើងឈរចាំមុនគេ ត្រៀមជួបអង់គ្លេស ឬក្រុមហូឡង់ ដែលអាចឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាននោះ ។

ពានរង្វាន់នេះបានរៀបចំលើកដំបូងតាំងពីឆ្នាំ១៩៦០ ពេលនេះកីឡាករវ័យក្មេងសញ្ជាតិអេស្ប៉ាញ Lamine Yamal បានក្លាយជាកីឡាករវ័យក្មេងជាងគេក្នុងប្រវត្តិប្រកួតពានអឺរ៉ុបនេះ ដោយមានវ័យត្រឹម ១៦ឆ្នាំ និង ៣៦២ថ្ងៃប៉ុណ្ណោះ ដែលអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន ពីការស៊ុតដោយប្រើជើងឆ្វេងពីចំងាយបានយ៉ាងល្អ នៃការវាយបកតាមស្មើជាមួយក្រុមបារាំង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឆ្នាំ២០២៤ ។

ជាមួយគ្នានេះ Yamal បានបំបែកកំណត់ត្រារបស់កីឡាករសញ្ជាតិស្វីស Johan Vonlanthen ដែលមានអាយុ ១៨ឆ្នាំ និង ១៤១ថ្ងៃ នៅពេលដែលគាត់ស៊ុតតាមស្មើជាមួយក្រុមបារាំង នៅព្រឹត្តិការណ៍ EURO 2004 ។ ខណៈ Yamal ក៏អាចនឹងក្លាយជាអ្នកស៊ុតក្មេងជាងគេទាំងអស់ នៅប្រវត្តិប្រកួតពានរង្វាន់នេះ បើសិនណារអាចរកបានគ្រាប់បាល់នៅវគ្គផ្តាច់ព្រ័ត្រ ដ្បិតកំណត់ត្រានេះមានតែលោក Pietro Anastasi ធ្វើបានក្នុងវ័យ ២០ឆ្នាំ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលឆ្នាំ១៩៦៨ ។

ខាងក្រោមនេះជាបេក្ខភាពកីឡាករវ័យក្មេងជាងគេដែលអាចស៊ុតបញ្ចូលទីបាននៅការប្រកួត Euro៖
១៖ Lamine Yamal មានវ័យក្មេងជាងគេត្រឹម ១៦ឆ្នាំ និង ៣៦២ថ្ងៃ ធ្វើបានក្នុងជំនួប (Spain 2-1 France, 09/07/2024)
២៖ Johan Vonlanthen មានវ័យ ១៨ឆ្នាំ និង ១៤១ឆ្នាំ ធ្វើបានក្នុងជំនួប (Switzerland 1-3 France, 21/06/2004)
៣៖ Wayne Rooney មានវ័យ ១៨ឆ្នាំនិង ២៣៧ឆ្នាំ ធ្វើបានក្នុងជំនួប (England 3-0 Switzerland, 17/06/2004)
៤៖ Renato Sanches មានវ័យ ១៨ឆ្នាំនិង ៣១៧ថ្ងៃ ធ្វើបានក្នុងជំនួប (Poland 1-1 Portugal, 3-5p, 30/06/2016)
៥៖Dragan Stojkovic មានវ័យ ១៩ឆ្នាំនិង ១០៨ថ្ងៃ ធ្វើបានក្នុងជំនួប (France 3-2 Yugoslavia, 19/06/1984)
៦៖ Arda Güler មានវ័យ ១៩ឆ្នាំនិង ១១៤ថ្ងៃ ធ្វើបានក្នុងជំនួប (Türkiye 3-1 Georgia, 18/06/2024)
៧៖ Cristiano Ronaldo មានវ័យ ១៩ឆ្នាំនិង ១២៨ថ្ងៃ ធ្វើបានក្នុងជំនួប (Portugal 1-2 Greece, 12/06/2004)
៨៖ Ferenc Bene មានវ័យ ១៩ឆ្នាំនិង ១៨៣ថ្ងៃ ធ្វើបានក្នុងជំនួប (Spain 2-1 Hungary, 17/06/1964)
៩៖ Cristian Chivu មានវ័យ ១៩ឆ្នាំនិង ២៣៨ថ្ងៃ ធ្វើបានក្នុងជំនួប (England 2-3 Romania, 20/06/2000)
១០៖ Patrick Kluivert មានវ័យ ១៩ឆ្នាំនិង ៣៥៣ថ្ងៃ ធ្វើបានក្នុងជំនួប (Netherlands 1-4 England, 18/06/1996) ។

រំលឹកផងថា មានតែអតីតកីឡាករ Pietro Anastasi សញ្ជាតិអ៉ីតាលី តែម្នាក់គត់ស្ថិតក្នុងវ័យ ២០ឆ្នាំនិង ៦៤ថ្ងៃ គឺជាកីឡាករក្មេងបំផុតដែលស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រ (Final) ពីការទាត់បាល់ដោយប្រើជើងស្តាំរបស់គាត់ នៅពីក្រៅប្រអប់ពិន័យ ១១ម៉ែត្រ ជួយឱ្យក្រុមអ៊ីតាលី លើកពាន Euro 1968 ក្រោយយកឈ្នះក្រុមយូហ្គោស្លាវី នៅទីក្រុងរ៉ូម ខណៈលោកបានទទួលមរណៈភាពក្នុងវ័យ ៧១ឆ្នាំ កាលពីឆ្នាំ២០២០ ៕