(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស បាននាំយកកម្មវិធីពិសេស មកកាន់ពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់ Soccer League លើកទី៧ ដោយធ្វើការផ្ដល់ជូនរង្វាន់ម៉ូតូ ៣គ្រឿង ដើម្បីជាការអរគុណដល់បងប្អូនទាំងអស់ ដែលតែងតែគាំទ្ររាល់សកម្មភាពសប្បុរសធម៌របស់ ខ្មែរ ប៊ែវើរីជីស និងគាំទ្រដល់ Soccer League ទាំងមូល។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់ Soccer League លើកទី៧ ដែលទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឈានមកដល់វគ្គបញ្ចប់ហើយ ដោយក្រុម Khmer United បានក្លាយទៅជាម្ចាស់ជើងឯក ផ្នែកបុរស បន្ទាប់ពីយកឈ្នះក្រុម Tofu Army FT នៅយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ។ ដោយឡែក ចំពោះពានរង្វាន់ Soccer League លើកទី៧ ផ្នែកនារី បានទៅលើក្លិបបាល់ទាត់ភ្នំពេញក្រោន បន្ទាប់ពីយកឈ្នះក្រុម សុភីណា អេហ្វស៊ី កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League នេះបានបើកជាផ្លូវការកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ក្រោមមូលបទ «បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា»។ ខ្មែរ ប៊ែវើរីជីស ក្នុងស្មារតី «ខ្មែរជួយខ្មែរ» បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្ដីពីកិច្ចសហការឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ Soccer League នេះ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤-២០២៨។ លើសពីនេះ ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៥ម៉ឺនដុល្លារ ដល់កុមាកំព្រាកម្ពុជាផងដែរ។

គួrបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែចូលរួម និងគាំទ្រយ៉ាងពេញទំហឹងចំពោះស្មារតី «ខ្មែរ ជួយ ខ្មែរ» ព្រមទាំងជាអ្នកឧបត្ថម្ភលើវិស័យកីឡាកម្ពុជាធំបង្អស់មួយ ដែលហ៊ានចំណាយក្នុងមួយឆ្នាំៗខ្ទង់លានដុល្លារ លើការអភិវឌ្ឍវិស័យកីឡានៅកម្ពុជាស្ទើរតែគ្រប់កីឡារួមមាន ទាំងបាល់ទាត់ បាល់ទះ និងប្រដាល់គុនខ្មែរ ធ្វើយ៉ាងណាចូលរួមបង្កើតធនធានមនុស្សក្នុងវិស័យកីឡានៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន និងកាន់តែរឹងមាំ៕