(ភ្នំពេញ)៖ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា នៅថ្ងៃទី១០ ខែកក្កដានេះ បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ២២នាក់ ចូលរួមការប្រកួតកីឡាបញ្ចស៊ីឡាត់អន្ដរជាតិ លើកទី២ (2nd International Indonesia Pencak Silat Open Championship) ឆ្នាំ២០២៤ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។

នេះជាលើកដំបូងហើយ ដែលសហព័ន្ធបានបញ្ចូនអត្តពលិកចូលរួមការប្រកួតអន្ដរជាតិ បន្ទាប់ពីប្រភេទកីឡាក្បាច់គុនប្រពៃណីឥណ្ឌូនេស៊ី បានបង្កើតជាសហព័ន្ធផ្លូវការនៅកម្ពុជា កាលពីខែកុម្ភៈកន្លងទៅ។ មុនចាកចេញពីមាតុភូមិ ក៏មានការជូនដំណឹង និងលើកទឹកចិត្តពីសំណាក់លោក សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា និងថ្នាក់ដឹកនាំសហព័ន្ធជាច្រើនផងដែរ។

លោក សេង ធារិន បានបញ្ជាក់ថា ការប្រកួតកីឡាបញ្ចស៊ីឡាត់អន្ដរជាតិ នៅប្រទេសឥណ្ឌូនេស៊ី នឹងប្រព្រឹត្តទៅពីថ្ងៃទី១២-១៦ ខែកក្កដា ឆ្នាំ២០២៤ ដោយមានអត្តពលិក ៧ប្រទេសចូលរួមប្រកួត រួមមានម្ចាស់ផ្ទះឥណ្ឌូនេស៊ី កម្ពុជា សហរដ្ឋអាមេរិក សឹង្ហបុរី ម៉ាឡេស៊ី ប្រ៊ុយណេ និងថៃ។ ក្នុងនាមសហព័ន្ធក្មេងខ្ចី លោករំពឹងថា ការប្រកួតនេះ ក្រៅពីផ្ដោតលើលទ្ធផលបច្ចេកទេស ក៏ជាឱកាសមួយដ៏ល្អសម្រាប់កីឡាករ-កីឡាការិនីកម្ពុជាដុសខាតសមត្ថភាព ត្រៀមការប្រកួតអន្ដរជាតិបន្ដបន្ទាប់ទៀត។

លោកបន្ដថា «នេះគឺជាឱកាសយើងត្រូវការឲ្យកីឡាករ-កីឡាការិនី និងគ្រូបង្វឹករបស់យើង ទទួលបានបទពិសោធន៍បន្ថែមក្នុងការប្រកួតនេះ ដើម្បីវាស់ស្ទង់ពីកម្រិតបច្ចេកទេសរបស់ពួកគាត់ ឈានទៅសម្រចគោលដៅ និងចក្ខុវិស័យ សម្រាប់ត្រៀមចូលរួមការប្រកួត Asian Martial Arts and Indoor Games លើកទី៦ ថ្ងៃទី២២-២៩ ខែវិច្ឆិការ ឆ្នាំ២០២៤ នៅថៃ និងត្រៀមចូលរួមការប្រកួតកម្រិតពិភពលោក នៅអារ៉ាប់រួម ចាប់ពីថ្ងៃទី១៨-២២ ខែធ្នូ ឆ្នាំ២០២៤។ អ្វីដែលសំខាន់ គឺយើងប្រុងប្រៀបខ្លួន ដើម្បីចូលរួមការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ»

គួរដឹងថា កីឡាបញ្ចស៊ីឡាត់ គឺបានបង្កើតឡើងនៅដើមឆ្នាំ២០២៤នេះ ក្រោយទទួលបានជោគជ័យ នៃការប្រកួតស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាម្ចាស់ផ្ទះ កាលពីឆ្នាំ២០២៣ កន្លងទៅ ដោយកីឡាបញ្ចសុីឡាត់ ដណ្តើមបានមេដាយសរុប ១២គ្រឿង (មាស ២ និងសំរឹទ្ធ ១០)។ តាមរយៈនេះ សហព័ន្ធនឹងបន្តពង្រីកសក្តានុពល កាន់តែល្អប្រសើរបន្ថែមទៀត៕