(រ៉ូម)៖ ក្លិបពពកស Napoli បានចុះកិច្ចសន្យាជាមួយខ្សែការពារ Leonardo Spainazzola លើការផ្ទេរដោយឥតបង់ថ្លៃ។ នេះបើយោងតាមក្លិបលេងនៅលីគកំពូលអ៊ីតាលី Serie A ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

មិនមានព័ត៌មានលម្អិត ត្រូវបានផ្តល់ឱ្យនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍ថា កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំ បន្ទាប់ពីចាកចេញពីក្លិប AS Roma កាលពីខែមុន ក្រោយពីលេងបាន ១៥១ប្រកួត។

Spinazzola ជាផ្នែកមួយនៃក្រុមអ៊ីតាលី ដែលបានឈ្នះពានរង្វាន់ European Championship ក្នុងឆ្នាំ២០២១ ប៉ុន្តែថ្មីៗនេះបានជួបការលំបាកជាមួយនឹងបញ្ហារបួស ដែលដាក់កំហិតពេលវេលារបស់លោក ក្នុងការបង្ហាញខ្លួនលើទីលាន។

សូមជម្រាបថា នេះគឺជាការចុះកិច្ចសន្យាធំលើកដំបូង សម្រាប់គ្រូបង្វឹកក្លិប Napoli លោក Antonio Conte ដែលត្រូវបានតែងតាំងកាលពីខែមិថុនា បន្ទាប់ពីរដូវកាលមិនល្អ ដែលមានអ្នកចាត់ការចំនួន ៣នាក់ បានចូលមកកាន់តំណែង ហើយចាកចេញទៅវិញ ខណៈក្លិបបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១០ នៅលីគ Serie A៕