(ឡុងដ៍)៖ បញ្ជីឈ្មោះអត្តពលិករុស្ស៊ី ដែលនឹងទៅចូលរួមក្នុងព្រឹត្តិការណ៍ Paris Olympics នៅចុងខែនេះ បានធ្លាក់ចុះមកនៅត្រឹមជាង ១០នាក់ប៉ុណ្ណោះ ខណៈសហព័ន្ធកីឡាជាច្រើន បានលើកឡើងថា ក្រុមរបស់ពួកគេនឹងមិនចូលរួមប្រកួត ស្ថិតក្រោមអ្វីដែលពួកគេមើលឃើញថា ជាការដាក់កំហិតនោះទេ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

អត្តពលិកមកពីរុស្ស៊ី និងបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ទីក្រុង Moscow ក្នុងការឈ្លានពានអ៊ុយក្រែន ក្នុងឆ្នាំ២០២២នោះ ត្រូវបានហាមឃាត់ចូលរួមក្នុងព្រឹត្តិការណ៍ Paris Games លុះត្រាតែពួកគេប្រកួតក្នុងនាមអព្យាក្រឹត្យ នោះគឺដោយគ្មានទង់ជាតិ, ភ្លេងជាតិ និងគ្រឿងសម្គាល់និមិត្តសញ្ញាជាតិ។

គិតត្រឹមថ្ងៃទី១០ ខែកក្កដា គេហទំព័រ Olympics បានបង្ហាញថា មានអត្តពលិករុស្ស៊ីត្រឹមតែ ១៦នាក់ប៉ុណ្ណោះ គ្រោងនឹងចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ Paris Games ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា។

រុស្ស៊ី មានមោទនភាពចំពោះកំណត់ត្រារបស់ខ្លួន ក្នុងនាមជាមហាអំណាចកីឡា នៅព្រឹត្តិការណ៍ Olympics។ កាលពីរដូវក្តៅមុន នៅទីក្រុង Tokyo ក្នុងឆ្នាំ២០២១ អត្តពលិករុស្ស៊ីចំនួន ៣៣៥នាក់ បានចូលរួមប្រកួត ដោយដណ្តើមបានមេដាយសរុប ៧១គ្រឿង ក្នុងនោះមេដាយមាសចំនួន ២០គ្រឿង។

​ក្រុមមន្ត្រីកីឡាជាច្រើន ក្នុងនោះរួមទាំងកីឡាយូដូ, ចំបាប់ និងកាយសម្ព័ន្ធ បានលើកឡើងថា អត្តពលិកពួកគេ នឹងមិនធ្វើដំណើរទៅទីក្រុង Paris នោះទេ ដោយសារតែអ្វីដែលពួកគេបានឃើញថា ជាលក្ខខណ្ឌអយុត្តិធម៌៕