(មេនឆេស្ទឺ)៖ ក្លិបបាល់ទាត់ Manchester United នឹងដំឡើងតម្លៃសំបុត្រ ប្រមាណ ៥ភាគរយ សម្រាប់រដូវកាលដែលនឹងមកដល់ខាងមុខ។ នេះបើតាមការឱ្យដឹងពីក្លិបនៅថ្ងៃពុធ បន្ទាប់ពីបានរាយការណ៍នូវការខាតបង់សុទ្ធមានការកើនឡើង សម្រាប់ត្រីមាសទី៣ បន្ទាប់ពីរដូវកាលដ៏លំបាក ក្នុងលីគ Premier League។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

ក្លិបម្ចាស់កីឡដ្ឋាន Old Trafford នេះ បានរាយការណ៍ពីការខាតបង់សុទ្ធ ៧១.០៤លានផោន (៩១.៤លានដុល្លារ) ក្នុងរយៈពេល ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ធៀបនឹងការខាតបង់ ៥.៦លានផោនកាលពី ១ឆ្នាំមុន។

ក្លិបគ្រោងនឹងកាត់បន្ថយការងារប្រមាណ ២៥០កន្លែង ជាផ្នែកមួយ នៃកម្មវិធីកាត់បន្ថយបុគ្គលិកដែលលែងត្រូវការនៅទូទាំងក្លិបតែម្តង។ ក្លិបបានបញ្ជាក់នៅថ្ងៃពុធ។

បន្ទាប់ពីរដូវកាលដ៏លំបាក ដែលក្លិបម្ចាស់ពានរង្វាន់ជើងឯកលីគ ២០លើកនេះ បានបញ្ចប់នៅចំណាត់ថ្នាក់ទី៨ ក្នុងលីគ Premier League ជាការបញ្ចប់ក្នុងកម្រិតទាបបំផុតមួយ គិតចាប់តាំងពីការបង្កើតលីគមកនោះ៕