(ប៊ែកឡាំង)៖ តោកំណាចអង់គ្លេស អតីតក្រុមរងជើងឯក Euro 2020 បានធ្វើការវាយបកឈ្នះហូឡង់ ២-១ នាយប់មិញនេះ ក្នុងការឡើងទៅជួបអេស្ប៉ាញវគ្គផ្តាច់ព្រ័ត្រចុងសប្តាហ៍នេះ។

ប្រធានក្រុម Harry Kane ជាអ្នករកបានគ្រាប់តាមស្មើ ១-១ ក្រោយពេល Xavi Simons ជាអ្នករកបានគ្រាប់នាំមុខឲ្យទឹកក្រូចហូឡង់ត្រឹមចាប់ផ្តើមលេងបាន ៧នាទីប៉ុណ្ណោះពីក្នុងវគ្គ ៤ក្រុមនៅ Euro 2024 ដែលមានអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះ។

លទ្ធផលស្មើ ១ទល់នឹង១ នេះដែរបានបន្តរហូតដល់នាទី៩០+២ ទើបខ្សែប្រយុទ្ធ Ollie Watkins ដែលត្រូវបានប្តូរចូលជំនួស Kane រកបានគ្រាប់ជ័យជម្នះ ២-១ ពីការបញ្ជូនរបស់ Cole Palmer។

តាមរយះជ័យជម្នះនេះដែរ នាំឲ្យអង់គេ្លស ក្រុមដែលមិនទាន់ស្គាល់ពាន ៤ឆ្នាំម្តងនេះ ឡើងទៅប៉ះក្រុមចាស់វស្សាអេស្ប៉ាញ អតីតជើងឯក ៣សម័យច្រើនជាងគេស្មើអាល្លឺម៉ង់ នារាត្រីម៉ោង ២យប់រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា)៕