(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ (2nd AMMA Championship) ឆ្នាំ២០២៤ នៅកម្ពុជា នឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី១១ ខែកក្កដានេះ។ ការប្រកួតនេះដែរមានប្រតិភូ និងអត្តពលិកជាង ២០០នាក់ មកពី ១៨ប្រទេសចូលរួម។ សម្រាប់ថ្ងៃដំបូងនេះដែរ នឹងចាប់ផ្ដើមការប្រកួតពីម៉ោង ១០ព្រឹកតទៅ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយអនុញ្ញាតឲ្យមហាជនចូលរួមទស្សនាដោយសេរី។

ចំពោះក្រុមកីឡាករ-កីឡាការិនីយុទ្ធគុនចម្រុះកម្ពុជា ក្នុងចំណោម ១៦រូប នឹងមាន ៩រូប ត្រូវជួបតតាំងជាមួយអត្តពលិកមកពីបណ្ដាប្រទេសផ្សេងៗ ក្នុងវគ្គជម្រុះថ្ងៃដំបូងរួមមានកីឡាករ អេ វីរៈខាំឈីតភូថង (ម៉ឺន មេឃា), ហាត ភី, ធាន អាត (ចាន់ សំអាត), ចាន់ រតនា, ផេង សុបញ្ញា (គោរមៈ ចន្ទរាជ), ហ៊ុន ចន្ទរាជ, ឡុង ឡា រួមជាមួយកីឡាការិនី អ៊ុំ ថារ័ត្ន និងកីឡាការិនី នៅ ស្រីពៅ។

បន្ទាប់ពីដំណើរការប្រកួតវគ្គជម្រុះ តាមប្រភេទទម្ងន់នីមួយៗ នៅល្ងាចថ្ងៃព្រហស្បតិ៍ដែលនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី (AMMA) និងសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា នឹងរៀបចំពិធីបើកការប្រកួតផ្លូវការ នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយនឹងមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួរដឹងថា ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា គ្រោងនឹងរៀបចំរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤។ ការប្រកួតយុទ្ធគុនចម្រុះនេះ អនុវត្ដតាមនិយាមអន្ដរជាតិ ដែលជាការប្រកួតលក្ខណៈកីឡា ដោយមិនបង្កឲ្យមានផលប៉ះពាល់ ឬប្រឈមនឹងការរបួសខ្លាំងនោះទេ។ ការប្រកួត AMMA នៅកម្ពុជា ត្រូវបានចាត់ទុកជាជំហានថ្មីមួយ ដើម្បីជំរុញកីឡាយុទ្ធគុនចម្រុះក្នុងព្រឹត្តិការណ៍អន្ដរជាតិ ពិសេសកីឡាអូឡាំពិកនាថ្ងៃអនាគត៕