(វ៉ាស៊ីនតោន)៖ ក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ី បានឈានទៅវគ្គផ្តាច់ព្រ័ត្រដោយត្រូវប៉ះក្រុមការពារតំណែងជើងឯក អាហ្សង់ទីន ក្នុងការប្រជែងពានប្រចាំតំបន់អាមេរិកឡាទីន Copa America 2024 នាដើមសប្តាហ៍ក្រោយ បន្ទាប់ពីទម្លាក់ អ៊ុយរ៉ូហ្គាយ ១-០ នាព្រឹកមិញនេះ (ម៉ោងនៅកម្ពុជា)។

១ប្រកួតចុងក្រោយ ដើម្បីបិទវគ្គ ៤ក្រុមនៃពាន Copa នៅអាមេរិកនេះដែរ ខ្សែបម្រើ James Rodriguez អតីតម្ចាស់ស្បែកជើងមាស World Cup 2014 បានបោះបាល់ឱ្យមិត្តរួមក្រុម Jefferson Lamar បញ្ចប់ទីបានសម្រេចនៅនាទី៣៩ មុនពេលបង្ខំចិត្តលេងសមាជិកតែ ១០នាក់ប៉ុណ្ណោះ បន្ទាប់ពីខ្សែការពារ Daniel Munoz ត្រូវបានពិន័យកាតក្រហមនៅនាទីចុងម៉ោងនៃវគ្គទី១។

តែយ៉ាងណាក្រុមមកពីតំបន់អាមេរិកខាងត្បូងជាមួយគ្នា បានរងនូវការដាក់សម្ពាធជាខ្លាំងពីអ៊ុយរ៉ូហ្គាយ ដែលមាន Luis Saurez, Federico Valverde និង Dawin Nunez ជាដើម ក្នុងការរកគ្រាប់តាមស្មើជាមួយនឹងការស៊ុត ១០លើក និងចំគោលដៅតែ ២លើកប៉ុណ្ណោះសម្រាប់រយៈពេល ៩០នាទីពេញ។

ក្នុងឱកាសចុងម៉ោងនោះដែរដ្បិត James និង Luis Diaz ដែលត្រូវបានប្តូរចេញនោះ ពួកគេក៏នៅមានឱកាសរកគ្រាប់បាល់ទី២ ដែរ ប៉ុន្តែធ្វើពុំបានសម្រេច ដោយទាត់ចំបង្គោលទី និងទាត់ខុសគោលដៅផងដែរ ពេលអ្នកចាំទីអ៊ុយរ៉ូហ្គាយ ឡើងមកជួយគាំទ្រនៅតំបន់ខាងលើ។

គួរបញ្ជាក់ផងថា វគ្គផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន និងកូឡុំប៊ី ដណ្តើមពាន CONMEBOL Copa America 2024 នឹងធ្វើឡើងនៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ក្រោយពេលផ្តាច់ព្រ័ត្រជើងឯកអឺរ៉ុប UEFA Euro 2024 រវាងអេស្ប៉ាញ និងអង់គ្លេស ធ្វើឡើងនាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃចន្ទដូចគ្នា (ម៉ោងនៅកម្ពុជា)៕