(បរទេស)៖ TSMC ដែលគេស្គាល់ថា ជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក នៅថ្ងៃពុធសប្តាហ៍នេះ បានរាយការណ៍ពីប្រាក់ចំណូលដ៏រឹងមាំសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤នេះ។ កក្តាដែលធ្វើឲ្យក្រុមហ៊ុននេះកើនឡើងប្រាក់ចំណូល គឺដោយសារតែពិភពលោកបច្ចប្បន្នកំពុងមានតម្រូវការខ្លាំងទៅលើបន្ទះឈីប AI ដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗនានា កំពុងសម្រុកបញ្ជារទិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ក្រុមហ៊ុន Taiwan Semiconductor Manufacturing ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយរបស់ក្រុមហ៊ុនធំៗដូចជា Apple និងមី Nvidia ជាដើមនោះ ទទួលបានអត្ថប្រយោជន៍ពីការកើនឡើងឆ្ពោះទៅរកបច្ចេកវិទ្យា AI មិនតិចនោះទេ ដែលបានជួយឲ្យក្រុមហ៊ុននេះ ស្ទុះងើបឡើងវិញបានយ៉ាងលឿន ក្រោយវិបត្តិកូវីដ-១៩។ បន្ថែមពីនេះ AI ក៏បានជំរុញឱ្យតម្លៃភាគហ៊ុនរបស់ TSMC ឡើងដល់កម្រិតខ្ពស់បំផុតផងដែរ។ ជាក់ស្តែង បើនិយាយពីប្រាក់ចំណូលក្នុងអំឡុងខែមេសាដល់ខែមិថុនា នៃឆ្នាំ២០២៤នេះ គឺរកបានរហូតដល់ ២០.៦៧ពាន់លានដុល្លារ។ នេះបើយោងតាមការគណនារបស់ Reuters បើធៀបនឹងស្ថាប័នវិភាគទីផ្សារដ៏ល្បី LSEG ។ ប្រាក់ចំណូលនេះ គឺតំណាងឱ្យកំណើន ៣២% ធៀបនឹងឆ្នាំមុន ដែលរកបានខ្ទង់ ១៥.៦៨ពាន់លានដុល្លារ។

ក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះ ធ្លាប់បានព្យាករណ៍ថា ប្រាក់ចំណូលត្រីមាសទីពីរគឺទួលបានក្នុងចន្លោះពី ១៩.៦ ពាន់លានដុល្លារទៅ ២០.៤ ពាន់លានដុល្លារ។ សម្រាប់ខែមិថុនាតែមួយ TSMC បានរាយការណ៍ថាប្រាក់ចំណូលបានកើនឡើង ៣៣% ពីមួយឆ្នាំទៅមួយឆ្នាំដល់ ២០៧.៨៧ពាន់លានដុល្លារ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​នៅ​ក្នុង​របាយការណ៍​ប្រាក់ចំណូល​សង្ខេប​របស់​ខ្លួន​ទេ។ ក្រុមហ៊ុននេះ ត្រូវបានគេដឹងថា មានតម្លៃថ្លៃបំផុតនៅអាស៊ី ដែលមានមូលធនប័ត្រទីផ្សារចំនួន ៨៣០ពាន់លានដុល្លារ៕