(ភ្នំពេញ)៖ ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា នឹងបន្ដជួបក្រុមភ្ញៀវមីយ៉ាន់ម៉ា នៅថ្ងៃទី១១ ខែកក្កដានេះ ក្នុងព្រឹត្តិការណ៍កីឡាវាយកូនបាល់ពិភពលោកប្រចាំតំបន់អាស៊ី/អូសេអានី ក្រុម៤ (Davis Cup Asia/Oceania Group IV) ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលអនុញ្ញាតឲ្យមហាជនចូលទស្សនាដោយសេរី។

នេះគឺជាការប្រកួតទី២ ក្នុងពូល B របស់ក្រុមម្ចាស់ផ្ទះកម្ពុជា បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិអ៊ីរ៉ាក់ ដោយលទ្ធផល ៣-០ ក្នុងថ្ងៃបើកឆាកកាលពីថ្ងៃពុធម្សិលមិញ។ ចំពោះលទ្ធផលការប្រកួតដំបូងរបស់កម្ពុជា សម្រាប់វិញ្ញាសាឯកត្តជន កីឡាករ ប៊ុន កេន្នី បានយកឈ្នះកីឡាករ Saidi Adel ២-០សិត (៦-១ និង ៦-០) និងកីឡាករ គ្រូស្លីង ម៉ាធើ បានយកឈ្នះកីឡាករ Hatem Adbulah Ali ២-០សិតដូចគ្នា (៧-៦ និង ៦-៣)។

ចំណែកវិញ្ញាសាវាយគូ ក្រុមកីឡាករកម្ពុជា ដែលមានកីឡាករ ទេព ទីម៉ូធី និង ឡេង សារិនរាជ បន្ដធ្វើបានយ៉ាងល្អ ដោយយកឈ្នះក្រុមកីឡាករអ៊ីរ៉ាក់ Hatem Adbulah Ali និង Saidi Adel ដោយលទ្ធផល ២-០ សិត (៦-៤ និង ៦-៣)។

សម្រាប់ការប្រកួតជាមួយក្រុមមីយ៉ាន់ម៉ាថ្ងៃនេះដែរ អ្នកគាំទ្របានផ្ដល់ការជឿជាក់យ៉ាងមុតមាំលើក្រុមកីឡាវាយកូនបាល់កម្ពុជា នឹងបន្ដធ្វើបានល្អ តែរាមច្បងក្នុងក្រុមកម្ពុជា ប៊ុន កេន្នី បានលើកឡើងថា ទោះបីកម្ពុជា បានដាក់គោលដៅដណ្ដើមកៅអីក្រុម៣ (Group III) យ៉ាងណា ក៏មិនអាចមើលស្រាលគូប្រជែងបានឡើយ។ យ៉ាងណាមិញកម្ពុជា នឹងព្យាយាមឲ្យអស់ពីលទ្ធភាព និងស្វែងរកជ័យជម្នះរាល់ថ្ងៃ ដើម្បីសម្រេចក្ដីស្រម៉ៃនេះ។

គួរដឹងថា ក្រោយជួបមីយ៉ាន់ម៉ា កម្ពុជានឹងបន្ដជួបក្រុមខ្លាំងគុយវ៉ែត នាថ្ងៃទី១២ ខែកក្កដាស្អែក ដើម្បីកាត់សេចក្ដីក្រុមលេខ១ និងលេខ២ ក្នុងពូលB ឡើងទៅប្រកួតវគ្គខ្វែង ជាមួយក្រុមលេខ១ និងលេខ២ ពូលA ដើម្បីស្វែងរកក្រុមជ័យជម្នះ ២ក្រុមចុងក្រោយ ឡើងទៅក្រុម៣ (Group III) នៃព្រឹត្ដិការណ៍ Davis Cup Asia/Oceania ឆ្នាំ២០២៥ ខាងមុខ៕