(វ៉ាស៊ីនតោន)៖ សហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិក បានឈានដល់ផ្លូវបំបែកជាមួយគ្រូបង្វឹក លោក Gregg Berhalter ជាផ្លូវការហើយ បន្ទាប់ពីបរាជ័យដ៏ធ្ងន់ធ្ងរបំផុតពីក្នុងពានប្រចាំតំបន់អាមេរិកឡាទីន Copa America 2024 ក្នុងនាមជាម្ចាស់ផ្ទះផងនោះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា អាមេរិកមិនអាចឆ្លងផុតនៃវគ្គសន្សំពិន្ទុប្រចាំពូល C ឡើយ តាមរយៈលេង ៣ប្រកួត ឈ្នះ១ និងចាញ់ ២លើក ស្ថិតក្រោមការដឹកនាំរយៈពេល ៤ឆ្នាំរបស់បុរសវ័យ ៥០ឆ្នាំលោក Berhalter។

តែយ៉ាងណា ក្រុមខ្លាំងប្រចាំតំបន់អាមេរិកខាងជើងមួយនេះ ក៏បានឈ្នះពាន Concacaf Nations League និងពាន Gold Cup ផងដែរកាលឆ្នាំ២០២១ ស្ថិតក្រោមការបង្វឹករបស់លោក Berhalter ដូចគ្នា មុនពេលក្លាយជាក្រុមជ្រុះចេញពី Copa America 2024 មុនគេ ក្នុងចំណោម ១៦ក្រុម បន្ទាប់ពីចាញ់ក្រោមស្នាដៃប៉ាណាម៉ា និងចុងក្រោយអ៊ុយរ៉ូហ្គាយ ពីក្នុងពូល C រួចមក។

អាមេរិក ប្រទេសសហម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup 2026 ជាមួយមិចស៊ិក និងកាណាដា ក៏បានធ្វើការទាក់ទងលោក Jurgen Klopp អតីតគ្រូបង្វឹកក្លិបហង្សក្រហម Liverpool ដែលបានកំពុងទំនេរពីការងារ មកកាន់តំណែងធំនេះ ដ្បិតក្រោយចាញ់អ៊ុយរ៉ូហ្គាយ ១-០ នៅថ្ងៃចុងក្រោយរបស់ពួកគេ លោក Berhalter បាននិយាយយ៉ាងខ្លីថា រូបលោកជាមនុស្សដែលស័ក្តិសមដឹកអាមេរិកលេង World Cup 2026 ទៅវិញ៕