(បរទេស)៖ នៅសល់តែប៉ុន្មានខែទៀតតែប៉ុណ្ណោះ ពេលវេលាដែលទន្ទឹងរង់ចាំអំពីការប្រកាសចេញ iPhone 16 Series នឹងមកដល់ទីផ្សារសកលជាផ្លូវការ។ ថ្មីៗនេះមានពាក្យចចាមអារ៉ាមចេញពីប្រទេសចិនបានអះអាងថា iPhone 16 Pro និង iPhone 16 Pro Max នឹងឃើញមានការកែលម្អអាត្រាថ្មកាន់តែខ្លាំងជាងមុន។ ខណៈដែល iPhone 15 Pro និង iPhone 15 Pro Max នៅឆ្នាំនេះ មានកម្លាំងសាកថ្មអាចឡើងដល់ ២៧វ៉ាត់ដោយប្រើខ្សែ និងរហូតដល់ ១៥វ៉ាត់ដោយប្រើការសាកថ្មឥតខ្សែ MagSafe ម៉ូដែលឆ្នាំនេះត្រូវបានគេរំពឹងថា នឹងទទួលបានសមត្ថភាពកើនឡើងជាងបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

ប្រភពពី GSMArena ដដែលបានឱ្យដឹងថា iPhone 16 Pro និង iPhone 16 Pro Max ដែលត្រៀមប្រកាសចេញក្នុងខែកញ្ញាខាងមុខនេះ នឹងគាំទ្រការសាកថ្មតាមខ្សែរហូតដល់ ៤០វ៉ាត់ និង កើនដល់ ២០វ៉ាត់សម្រាប់ការសាកថ្មឥតខ្សែ MagSafe wireless charging។ នេះគឺជាអត្រាសាកថ្មក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុន Apple។

យ៉ាងណាមិញជុំវិញរបាយការណ៍នេះ ប្រភពនៃពាក្យចចាមអារ៉ាមបានអះអាងថា Apple ធ្វើបែបនេះគឺដើម្បី «ធ្វើឱ្យមានតុល្យភាព និងកែលម្អបញ្ហានៃការបង្កើនរយៈពេលសាកថ្ម» ខណៈដែល iPhone 16 Pro នាពេលខាងមុខត្រូវបានក្រុមហ៊ុនបង្កើនទំហំថ្មធំជាងមុន។ ប្រសិនបើពាក្យចចាមអារ៉ាមទាំងនេះជាការពិត iPhone 16 Pro និង iPhone 16 Pro Max នឹងឃើញមានការប្រសើរឡើង ៥០ភាគរយ នៃល្បឿនសាកតាមខ្សែ និង ៣៣ភាគរយ នៃល្បឿនសាកឥតខ្សែ បើធៀបនឹងជំនាន់មុនរបស់ពួកគេ៕