(ភ្នំពេញ)៖ អ្នកលេងក្បាច់គុនបុរាណខ្មែរ អេ វីរៈខាំឈីត ភូថង (ម៉ឺន មេឃា) បានចាប់ផ្ដើមយ៉ាងល្អ ក្នុងការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ (2nd AMMA Championship 2024) នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នេះ ដោយបានផ្ដួលកីឡាករហ្វីលីពីន Bacus Juvanie ត្រឹមទឹកទី១ ក្នុងវគ្គជម្រុះបឋម លើវិញ្ញាសាទម្ងន់ក្រោម ៧១គីឡូក្រាម។

ក្នុងចំណោមអត្តពលិកកម្ពុជា ៩រូប ដែលត្រូវធ្វើការប្រកួតជម្រុះថ្ងៃនេះ ម៉ឺន មេឃា គឺជាកីឡាករកម្ពុជាដំបូង ដែលបានធ្វើការប្រកួត។ ប៉ុន្ដែរូបគេត្រូវឆ្លងកាត់ការប្រកួតជម្រុះបឋមម្ដងទៀត ដោយត្រូវជួបកីឡាករឥណ្ឌូនេស៊ី Rahasia Marck Steward នៅរសៀលថ្ងៃដដែលនេះ ដើម្បីប្រជែងកៅអីវគ្គ ១៦នាក់ចុងក្រោយ។

គួរដឹងថា ព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នឹងប្រារព្ធពិធីបើកការប្រកួតនៅល្ងាចថ្ងៃទី១១ ខែកក្កដានេះ ដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ការប្រកួតនេះ មានប្រតិភូ និងអត្តពលិកជាង ២០០នាក់ មកពី ១៨ប្រទេសចូលរួម៕