(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យគួរជាទីមោទនៈ នៅក្នុងការក្ដោបក្ដាប់បានតំណែងជាម្ចាស់គ្រងមកុដ «Miss Teen International 2024» នៅឯប្រទេសឥណ្ឌា កាលពីពេលថ្មីនេះរួចមក បវរកញ្ញាឯកវ័យក្មេងពោរពេញដោយទេពកោសល្យ និងភាពក្លាហាន ស្រីស្អាត លី មួយលាង បានវិលត្រឡប់មកកាន់មាតុភូមិកំណើតរបស់ខ្លួនវិញហើយ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្រ និងក្រុមគ្រួសារ។ គ្រាន់តែមកដល់ទឹកដីកម្ពុជាវិញភ្លាម មិនបង្អង់យូរកញ្ញា លី មួយលាង បានធ្វើការអំពាវនាវដល់កូនខ្មែរជំនាន់ក្រោយ ជាពិសេសយុវវ័យដែលស្នេហាវិស័យបវរកញ្ញា និងមហាជនទាំងអស់ ជួយគាំទ្រលើកស្ទួយវិស័យបវរកញ្ញាកម្ពុជា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ព្រោះនាងជឿជាក់ថា កូនខ្មែរអាចធ្វើបាន ហើយវិស័យបវរកញ្ញា គឺពិតជាមានសារៈសំខាន់ណាស់ ធ្វើឲ្យពិភពលោកស្គាល់ខ្មែរកាន់តែច្បាស់។

ថ្លែងនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពេលបានធ្វើដំណើរមកដល់ទឹកដីកំណើតវិញភ្លាម ម្ចាស់មកុដ «Miss Teen International 2024» លី មួយលាង បានប្រាប់ឲ្យដឹងថា ឆ្លងកាត់នូវការប្រកួតប្រជែងដ៏ស្វិតស្វាញ រយៈពេលប៉ុន្មានថ្ងៃមកនេះ នៅក្នុងប្រទេសឥណ្ឌា គឺនាងធ្វើបានល្អប្រកបដោយភាពជឿជាក់ លើគ្រប់វិញ្ញាសារ ហើយបានយកឈ្នះលើបេក្ខភាពឆ្នើមៗ មកពីបណ្ដាប្រទេសនានាជាច្រើនទៀត។ គណៈកម្មការនៃការប្រកួតបានមើលឃើញពីសមត្ថភាព រូបសម្រស់ និងភាពក្លាហានរបស់កូនខ្មែរបានយ៉ាងលេចធ្លោជាងគេ។ មួយលាង បន្តថា អ្វីដែលធ្វើឲ្យនាងត្រូវបានគណៈកម្មការប្រគល់ជូននូវជ័យលាភីមួយនេះ គឺការមើលឃើញពីសមត្ថភាពឆ្លើយសំណួរបានយ៉ាងល្អ គួបផ្សំនឹងភាពក្លាហាន រូបសម្រស់ក៏មិនធម្មតា។

កញ្ញាឯកវ័យក្មេងរបស់កម្ពុជា លី មួយលាង បានបន្ថែមថា ក្រៅពីបង្ហាញនូឈុតតំណាងជាតិដែលមានឈ្មោះថា «មយូរ៉ា» ឲ្យដល់គណៈកម្មការ និងអន្តរជាតិបានឃើញហើយនោះ នៅខាងក្រោយឆាកឯណេះវិញ ក៏នាងឆ្លៀតបង្ហាញពីវប្បធម៌ អរីយធម៌ និងការនាំយកវត្ថុអនុស្សាវរីយ៍ ជាកាបូបលុយដែលមានរូបប្រាសាទអង្គរវត្ត ចែកជូនដល់បេក្ខភាពមកពីបណ្ដាប្រទេសនានា ឲ្យគេបានស្គាល់ពីភាពល្បីល្បាញរបស់អង្គរវត្ត ដោយនាងទទួលបានការកោតសរសើរ មិនដាច់ពីមាត់ទាំងពីគណៈកម្មការ និងពីបេក្ខនារីដូចគ្នា ហើយពួកគេក៏ចង់ស្គាល់អង្គរវត្តរបស់ខ្មែរដែរ។

យុវតី លី មួយលាង ដែលជាបវរកញ្ញាខ្មែរដំបូងគេបំផុត ឈ្នះមកុដ ក្នុងកម្មវិធីប្រកួតដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានបន្ថែមទៀតថា នេះជាសិល្បៈនៃការចែករំលែកឲ្យគ្នាទៅវិញទៅមក ក្នុងឱកាសដែលពួកគេជួបគ្នាជាលើកទី១ដូចគ្នា នៅក្នុងការប្រកួតប្រជែងសម្រស់ដ៏ធំនេះ។ អ្វីដែលជាចំណែកធំនៅក្នុងភាពជោគជ័យនេះ គឺនាងមិនដែលភ្លេចចំពោះការហ្វឹកហាត់បន្ថែម ទាំងការដើរ ការនិយាយ របៀបឆ្លើយសំណួរ និងការត្រៀមលក្ខណៈទុកជាមុនឲ្យបានល្អ។ នាងទទួលស្គាល់ថា បេក្ខនារីមកពីបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប គឺពិតជាខ្លាំងៗនិងពិបាកប្រកួតប្រជែងមែន ប៉ុន្តែទីបំផុតកូនខ្មែរអាចធ្វើបាន។

«Miss Teen International 2024» លី មួយលាង បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ប្រកួតបវរកញ្ញានៅក្រៅប្រទេស ជាពិសេសនៅក្នុងប្រទេសឥណ្ឌានៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះវិស័យបរវកញ្ញារបស់ខ្មែរ កំពុងតែរីកលូតលាស់ខ្លាំង រហូតដល់ថ្នាក់អន្តរជាតិគេស្គាល់ច្បាស់ តាមរយៈជ័យលាភីរបស់នាង។ វិស័យបវរកញ្ញាបានធ្វើឲ្យពិភពលោកស្គាល់កម្ពុជា វិស័យនេះបានធ្វើឲ្យមានការទំនាក់ទំនងគ្នាយ៉ាជិតស្និទ្ធ ពីប្រទេសមួយទៅប្រទេសមួយ ជាពិសេសបានផ្សព្វផ្សាយពីវប្បធម៌ អរីយធម៌ និងវិស័យទេសចរណ៍ទៅកាន់អន្តរជាតិឲ្យបានស្គាល់។​ ដូចនេះនាងបានអំពាវនាវដល់មហាជន ជាពិសេសយុវវ័យ ចូលរួមគាំទ្រវិស័យបវរកញ្ញារបស់កម្ពុជាឲ្យបានច្រើន ដើម្បីលើកស្ទួយមុខមាត់របស់ប្រទេសជាតិខ្លួន កាន់តែលេចធ្លោលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា យុវតី លី មួយលាង ដែលជា «Miss Teen Cambodia» តំណាងឲ្យប្រទេសកម្ពុជា បានឈ្នះការប្រកួតប្រជែងយ៉ាងស្វិតស្វាញ គ្រងមកុដ «Miss Teen International 2024» នៅប្រទេសឥណ្ឌា កាលពីរាត្រីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤នេះ បន្ទាប់ពីផ្ទួលបេក្ខភាពឆ្នើមៗជាច្រើនរូប មកពីជុំវិញពិភពលោក។ កម្មវិធីនេះមានអ្នកចូលរួមប្រកួតរហូតដល់ទៅ ២៨ប្រទេស និងមានអ្នក Followers ក្នុង instagram និង Facebook រហូតដល់ជាង ១០០K នៅជុំវិញពិភពលោក។ ការឈ្នះមកុដលំដាប់ពិភពលោកមួយនេះ ពិតជាធ្វើឲ្យប្រជាជនខ្មែរសាទរជាខ្លាំង ដោយពួកគេនិយាយថា កម្ពុជាមិនអាចមើលរំលងបានទៀតទេ លើវិស័យបវរកញ្ញា ជាពិសេសគឺបវរកញ្ញាក្មេងៗរបស់កម្ពុជាតែម្ដង ដែលពោរពេញទៅដោយសមត្ថភាព គួរឲ្យកោតសរសើរ។

ស្រីស្អាត លី មួយលាង ដែលជា Miss Teen Cambodia ត្រូវបានអ្នកគាំទ្រមើលឃើញថា ពិតជាធ្វើបានល្អមែនទែន ក្នុងកម្មវិធីប្រកួតថ្នាក់ពិភពលោក Miss Teen International 2024 នៅឥណ្ឌា។ ជាពិសេសនៅយប់ថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ២០២៤ លី មួយលាង ដែលយុវតីវ័យក្មេង និងពោរពេញដោយសមត្ថភាពរបស់កម្ពុជា បានជាប់ក្នុងចំណោមបេក្ខភាពឆ្នើម ១០នាក់ចុងក្រោយ ដើម្បីបន្តដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។ ទីបំផុតនាងបានឈ្នះ គ្រងមកុដ Miss Teen International 2024 នៅប្រទេសឥណ្ឌា គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីផ្ទួលបេក្ខភាពឆ្នើមៗទាំង២៨ប្រទេស មកពីជុំវិញពិភពលោក៕