(ភ្នំពេញ)៖ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BIDC) និងក្រសួងអប់រំ យុវជន និងកីឡា បានចុះកិច្ចព្រមព្រៀងឧបត្ថម្ភអាហារូបករណ៍ដល់និសិ្សតក្រីក្រកម្ពុជា ដើម្បីគាំទ្រដល់និស្សិតដែលកំពុងសិក្សាលើមុខ​ជំនាញ​សេដ្ឋកិច្ច ជំនាញហិរញ្ញវត្ថុនិងធនាគារ ជំនាញព័ត៌មានវិទ្យា នៅតាមបណ្ដាសាកលវិទ្យាល័យ​សាធារណៈ​របស់​រដ្ឋ (ថ្នាក់ឧត្តមសិក្សា) ជាមួយនឹងចំនួនទឹកប្រាក់សរុប២០០,០០០ដុល្លារអាមេរិក។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះធ្វើឡើងរវាងលោក Lam Van Hai អគ្គនាយកធនាគារ BIDC និងលោកបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលធនាគារ BIDC រាជធានីភ្នំពេញ។

ក្នុងពិធីចុះហត្ថលេខានោះ ធនាគារ BIDC បានសន្យាថានឹងតែងតែអមដំណើរនិងគាំទ្រដល់វិស័យអប់រំនៅកម្ពុជា ជាមួយនឹងសកម្មភាពជាក់ស្តែង។ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ធនាគារ BIDC នឹងឧបត្ថម្ភអាហារូបករណ៍ចំនួន២៥កន្លែង ដែលមានឈ្មោះថា «អាហារូបករណ៍ BIDC» ជាមួយនឹងចំនួនទឹកប្រាក់សរុប២០០,០០០ដុល្លារអាមេរិក ដើម្បីគាំទ្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សាលើមុខ​ជំនាញ​ ដូចជា សេដ្ឋកិច្ច ហិរញ្ញវត្ថុ-ធនាគារ ព័ត៌មានវិទ្យា នៅតាមបណ្ដាសាកលវិទ្យាល័យសាធារណៈ​របស់កម្ពុជា (ថ្នាក់ឧត្តមសិក្សា)។

កម្មវិធីអាហារូបករណ៍នេះមានគោលបំណងលើកទឹកចិត្ត និងគាំទ្រដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាកក្រីក្រ ប៉ុន្តែមានឆន្ទៈនិងបំណងប្រាថ្នាក្នុងការសិក្សារបស់ពួកគេ។ ធនាគារ BIDC សង្ឃឹមថា ដោយមានការគាំទ្រនេះ សិស្សានុសិស្សនឹងមានការលើកទឹកចិត្ត និងទំនុកចិត្តបន្ថែមទៀត ដើម្បីបន្តដណ្តើមយកចំណេះដឹងដ៏ខ្ពង់ខ្ពស់ ដែលអាចរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសង្គម។

សូមជម្រាបថា ធនាគារ BIDC គឺជាអង្គភាពសមាជិកនៃធនាគារពាណិជ្ជកម្មភាគហ៊ុនរួមសម្រាប់ការវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) ដែលជាធនាគារពាណិជ្ជដ៏ធំបំផុតនៅប្រទេសវៀតណាម និងមានប្រវត្តិយូរជាងគេ។ BIDC ត្រូវបានបង្កើតឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០០៩ ក្នុងប្រទេសកម្ពុជា បន្ទាប់ពីរយៈពេល១៥ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍ BIDC បានរីកចម្រើន និងអភិវឌ្ឍជាបន្តបន្ទាប់ជាមួយនឹងទំហំទ្រព្យសកម្មជាង៩០០លានដុល្លារ និងប្រព័ន្ធបណ្តាញចំនួន១០ នៅតាមបណ្តាទីក្រុងសំខាន់ៗនៃប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ទន្ទឹមនឹងការអភិវឌ្ឍសកម្មភាពធុរកិច្ច នាពេលថ្មីៗនេះ BIDC គឺជាអ្នកត្រួសត្រាយផ្លូវមួយ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងកម្មវិធីសន្តិសុខសង្គម និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដោយផ្តោតលើវិស័យអប់រំ សុខភាពនិងសង្គម គាំទ្រជនក្រីក្រ ដើម្បីជម្នះគ្រោះធម្មជាតិនៅកម្ពុជា ហើយក៏មានការវាយតម្លៃយ៉ាងខ្ពស់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរចំពោះប្រសិទ្ធភាព និងការអនុវត្តជាក់ស្តែងរបស់ BIDC ផងដែរ។

ធនាគារ BIDC វាយតម្លៃការអប់រំជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការវិនិយោគលើវិស័យអប់រំមិនត្រឹមតែជាការវិនិយោគលើអនាគតរបស់សិស្សប៉ុណ្ណោះទេ ថែមទាំងវិនិយោគសម្រាប់អនាគតរបស់ប្រទេសទាំងមូលផងដែរ។ ដូច្នេះហើយនាពេលថ្មីៗនេះ BIDC តែងតែយកចិត្តទុកដាក់លើការជួយដល់សកម្មភាពអប់រំរបស់កម្ពុជា ឧបត្ថម្ភអាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅកម្ពុជា និងសាកលវិទ្យាល័យវៀតណាម និងការកសាងសាលារៀននៅតាមបណ្តាខេត្តមួយចំនួន ដូចជា៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រៃវែង ខេត្តស្វាយរៀងជាដើម៕