(ម៉ូស្គូ)៖ គណៈកម្មាធិការអូឡាំពិករុស្ស៊ី បានចំណាយប្រាក់ប៉ះប៉ូវទៅអត្តពលិក ២៤៥នាក់ ដែលខកខានបំពេញតាមលក្ខខណ្ឌដែលអនុញ្ញាតឱ្យពួកគេចូលរួមប្រកួតនៅព្រឹត្តិការណ៍ Paris Games ក្នុងខែនេះ។ នេះបើយោងតាមសារព័ត៌មានរដ្ឋរុស្ស៊ី RIA ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

អត្តពលិកមកពីរុស្ស៊ី និងបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ទីក្រុង Moscow ក្នុងការឈ្លានពានអ៊ុយក្រែន នៅឆ្នាំ២០២២ នោះត្រូវបានហាមឃាត់ ពីការចូលរួមប្រកួត លុះត្រាតែពួកគេប្រកួត ក្នុងនាមអព្យាក្រឹត្យ ដោយគ្មានទង់ជាតិ, ភ្លេងជាតិ និងគ្រឿងសម្គាល់ប្រទេសជាតិ។

អត្តពលិករុស្ស៊ី និងបេឡារុស្ស ក៏ត្រូវឆ្លងកាត់ដំណើរការត្រួតពិនិត្យបន្ថែម ដើម្បីធានាថាពួកគេមិនគាំទ្រសង្គ្រាមរបស់រុស្ស៊ី និងមិនជាប់ពាក់ព័ន្ធនឹងយោធារបស់ខ្លួនទៀតដែរ។

«យើងបានប៉ះប៉ូវប្រាក់ទៅកាន់អត្តពលិក ២៤៥នាក់។ ពួកគេទាំងនោះ ជាអត្តពលិកដែលដំបូងឡើយ មិនទទួលបានសិទ្ធិក្នុងការប្រកួត ក្នុងព្រឹត្តិការណ៍អន្តរជាតិ និងអត្តពលិកទាំងនោះ ដែលមិនទទួលបានសិទ្ធិ ក្នុងការប្រកួតក្នុងនាមអព្យាក្រឹត្យ»។ នេះបើតាមសម្តីអគ្គនាយកគណៈកម្មាធិការអូឡាំពិករុស្ស៊ី លោក Vladimir Sengleyev បានលើកឡើង។

Artur Dalaloyan ជាអត្តពលិកកាយសម្ព័ន្ធ វ័យ ២៨ឆ្នាំ ដែលបានឈ្នះមេដាយមាសនៅព្រឹត្តិការណ៍ Tokyo Games ក្នុងឆ្នាំ២០២១ នោះបានប្រាប់សារព័ត៌មាន RIA ថា លោកបានទទួលប្រាក់ប្រមាណ ៥០០,០០០រ៉ូប៊ល (៥,៦០០ដុល្លារ)។

បញ្ជីឈ្មោះអត្តពលិករុស្ស៊ី ដែលនឹងទៅចូលរួមក្នុងព្រឹត្តិការណ៍ Paris Olympics នៅចុងខែនេះ បានធ្លាក់ចុះមកនៅត្រឹមជាង ១០នាក់ប៉ុណ្ណោះ ខណៈសហព័ន្ធកីឡាជាច្រើនបានលើកឡើងថា ក្រុមរបស់ពួកគេ នឹងមិនចូលរួមប្រកួត ស្ថិតក្រោមអ្វីដែលពួកគេមើលឃើញថា ជាការដាក់កំហិតនោះទេ។

​មានអត្តពលិករុស្ស៊ី ត្រឹមតែ ១៦នាក់ប៉ុណ្ណោះ ដែលគ្រោងនឹងប្រកួតក្នុងព្រឹត្តិការណ៍ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហាខាងមុខ ធៀបនឹងអត្តពលិក ៣៣៥នាក់ ដែលបានចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ Tokyo Games ក្នុងឆ្នាំ២០២១ នៅប្រទេសជប៉ុន៕