(ដតម៉ាន់)៖ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ Virgil van Dijk នឹងពិចារណាអំពីអនាគតរបស់លោកទាំងសម្រាប់ក្លិប និងក្រុមជម្រើសជាតិ នៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ បន្ទាប់ពីលោកមានការខកចិត្ត ចំពោះការធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅព្រឹត្តិការណ៍ European Championship កាលពីថ្ងៃពុធ។ នេះបើតាមសម្តីលោកបានលើកឡើង ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

Van Dijk ដែលនឹងឈានដល់វ័យ ៣៣ឆ្នាំនៅថ្ងៃចន្ទសប្តាហ៍ក្រោយនោះបានលើកឡើងថា លោកនឹងចំណាយពេលវេលាប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីរកឱ្យឃើញនូវជំហានបន្ទាប់របស់លោក ក្រោយរយៈពេល ៩ឆ្នាំ និងទទួលបានការកោះហៅចំនួន ៧៥លើក លេងឱ្យក្រុមជម្រើសជាតិហូឡង់ បូករួមនឹងការនៅសល់ ១រដូវកាលទៀត លើកិច្ចសន្យារបស់លោកនៅឯក្លិប Liverpool។

«ខ្ញុំមិនមានការគិតអ្វីតិចតួចនោះទេ នៅពេលនេះ។ ខ្ញុំនឹងគិតឱ្យបានហ្មត់ចត់ក្នុងរដូវក្តៅនេះ អំពីអ្វីដែលខ្ញុំចង់បាននៅឯក្លិប និងក្នុងនាមជាកីឡាកររបស់ក្រុមជម្រើសជាតិ។ បន្ទាប់មកយើងនឹងទៅរកវាម្តងទៀត ប៉ុន្តែដំបូងឡើយត្រូវឱ្យមានភាពធូរស្បើយ ពីការខកចិត្តនេះសិន»។ Van Dijk បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីអង់គ្លេសបានយកឈ្នះហូឡង់ ២-១ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រទល់នឹងអេស្ប៉ាញ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕