(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានឈានចូលដល់ថ្ងៃទី២ ហើយនៅថ្ងៃសុក្រ ទី១២ ខែកក្កដា នេះ។ ក្នុងនោះកីឡាករ-កីឡាការិនីកម្ពុជា ១២រូប នឹងត្រូវតតាំងជាមួយគូប្រកួតបរទេសរៀងៗខ្លួន ដើម្បីឆ្ពោះទៅដណ្ដើមមេដាយជូនជាតិ។ នេះបើតាមប្រភពពី NOCC បានឱ្យដឹងនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។

អ្នកប្រយុទ្ធកម្ពុជា ១២រូប មានដូចជា កីឡាការិនី ទួន ស្រីភីន, នៅ ស្រីពៅ, អ៊ុំ ថារ័ត្ន, កីឡាករ ផេង សុបញ្ញា (គោរមៈ ចន្ទរាជ), ហ៊ុន គឹមហៀង, Thiago Teixeira (សែន ច័ន្ទឫទ្ធិគុន), មាស ម៉ើ, ខៀវ ចិន្ដារ័ត្ន, ធាន អាត (ចាន់ សំអាត ), រិន សារ័ត្ន, ឡុង ឡា, និងកីឡាការិនី គន្ធ វណ្ណនីតា។

ហើយអ្វីដែលកាន់តែពិសេសសម្រាប់កម្ពុជានោះ គឺកីឡាការិនី ខៀវ ចិន្ដារ័ត្ន ត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសតទល់កីឡាការិនីឥណ្ឌូនេស៊ី Puspitasari Nurdiana លើវិញ្ញាសាប្រពៃណីផ្នែកនារី ទម្ងន់-៤៩គីឡូក្រាម នៅទីលានទី១។
ចំណែកកីឡាការិនី គន្ធ វណ្ណនីតា ប្រជែងមេដាយមាសតទល់កីឡាការិនីម៉ាឡេស៊ី Sze Teng Pang វិញ្ញាសាប្រពៃណីផ្នែកនារី ទម្ងន់-៦៩គីឡូក្រាម នៅទីលានទី២។

ការប្រកួតនឹងចាប់ផ្ដើមពីម៉ោង ២រសៀលថ្ងៃទី១២ ខែកក្កដានេះ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយទស្សនិកជនអាចចូលរួមទស្សនា និងលើកទឹកចិត្តអត្តពលិកដោយផ្ទាល់ មិនមានគិតតម្លៃសំបុត្រឡើយ។

គួរដឹងថា ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា គឺមានការរៀបចំរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤។ ការប្រកួតយុទ្ធគុនចម្រុះនេះ អនុវត្ដតាមនិយាមអន្ដរជាតិ ដែលជាការប្រកួតលក្ខណៈកីឡា ដោយមិនបង្កឲ្យមានផលប៉ះពាល់ ឬប្រឈមនឹងការរបួសខ្លាំងនោះទេ។ ការប្រកួត AMMA នៅកម្ពុជា ត្រូវបានចាត់ទុកជាជំហានថ្មីមួយ ដើម្បីជំរុញកីឡាយុទ្ធគុនចម្រុះក្នុងព្រឹត្តិការណ៍អន្ដរជាតិ ពិសេសកីឡាអូឡាំពិកនាថ្ងៃអនាគត៕