(ម៉ូនិច)៖ លោក Gareth Southgate អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិតោកំណាចអង់គ្លេសបានលើកឡើងថា កូនក្រុមរបស់លោកត្រូវតែលេងឱ្យល្អបំផុត ទើបអាចយកឈ្នះក្រុមខ្លាំងគោជល់អេស្ប៉ាញបាននៅរាត្រីថ្ងៃអាទិត្យខានស្អែកនេះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

អង់គ្លេស នឹងត្រូវជួបអេស្ប៉ាញ ជាលើកទី២៨ ពោលគឺក្នុងផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA European Championship 2024 នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់នាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដា (ម៉ោងនៅកម្ពុជា) ដើម្បីលើកពាននេះលើកដំបូងរបស់ពួកគេផងដែរ គ្រាដែលគូប្រជែងអេស្ប៉ាញ ធ្លាប់ឈ្នះ ៣លើករួចមកហើយ។

មុនការប្រកួតមកដល់ លោក Southgate ដែលមានប្រាក់ពលកម្មខ្ពស់ជាងគេ បើធៀបនឹងគ្រូបង្វឹកទាំង ២៤នាក់នៅ Euro លើកទី១៧ នេះបានព្រមានកូនក្រុមរបស់ខ្លួនថា «អង់គ្លេស ត្រូវតែលេងឱ្យល្អបំផុតដាច់ខាត ប្រសិនបើចង់ឈ្នះអេស្ប៉ាញនោះ»

លោក Southgate បានទទួលស្គាល់ថា គោជល់អេស្ប៉ាញ គឺពិតជាធ្វើល្អខ្លាំងណាស់ក្នុងការប្រកួត Euro នៅអាល្លឺម៉ង់លើកនេះ និងជាក្រុមដែលត្រូវបានគេគិតថា នឹងឈ្នះជើងឯកទៀតផង និងជាក្រុមដែលតែងតែធ្វើបានសម្រេចពេលឈានមកដល់ផ្តាច់ព្រ័ត្រ ៣លើកជាប់ៗកាលឆ្នាំ២០០៨ ដល់ឆ្នាំ២០១២។

តែយ៉ាងណាលោក Southgate បានសង្កត់ធ្ងន់ថា «តាក់តិចលេងរបស់ពួកយើងត្រូវតែល្អបំផុត ដើម្បីប្រឈមមុខទល់នឹងក្រុមខ្លាំង។ ពួកយើងនៅទីនេះហើយ»

គួរបញ្ជាក់ផងថា អេស្ប៉ាញ រកបានជ័យជម្នះ ៦ប្រកួតមកហើយ ជាពិសេសគឺបានលេងឈ្នះក្រុមការពារតំណែងជើងឯក អ៊ីតាលី ២-១ មុនមកទម្លាក់ម្ចាស់ផ្ទះអាល្លឺម៉ង់ និងបារាំង នៅវគ្គបន្តបន្ទាប់ ស្របពេលគូប្រជែងអង់គ្លេសវិញ បានទម្លាក់ស្លូវ៉ាគី ស្វីស និងចុងក្រោយហូឡង់ ក្នុងនាមជាក្រុមលេងឈ្នះ១ និងស្មើ ២លើកចេញពីពូល C៕