(បរទេស)៖ សហស្ថាបនិកក្រុមហ៊ុន Neuralink លោក Elon Musk បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា អ្នកជំងឺទីពីរនឹងទទួលបានការផ្សាំខួរក្បាលពិសោធន៍របស់ Neuralink «នៅសប្តាហ៍ក្រោយ»។ ខណៈក្រុមហ៊ុនកំពុងធ្វើការផ្លាស់ប្តូរលើនីតិវិធីវះកាត់ និងការដាក់ឧបករណ៍ ដើម្បីជៀសវាងបញ្ហាដែលខ្លួនបានជួបប្រទះជាមួយនឹងអ្នកចូលរួមដំបូងរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Wired។

របាយការណ៍បានឱ្យដឹងថា Neuralink កំពុងបង្កើតចំណុចប្រទាក់ខួរក្បាល-កុំព្យូទ័រ (brain-computer interface) ឬហៅកាត់ថា BCI ដែលប្រើសញ្ញាខួរក្បាលរបស់មនុស្សដើម្បីគ្រប់គ្រង/ បញ្ជាឧបរករណ៍ខាងក្រៅ។ Neuralink ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនបង្កើតឈីបសម្រាប់ដាក់ក្នុងខួរក្បាលមនុស្ស ហើយផលិតផលដំបូងរបស់វាមានឈ្មោះថា Telepathy មានគោលបំណងជួយមនុស្សពិការឱ្យវិលមកធម្មតា ឬអាចប្រើប្រាស់កុំព្យូទ័របានដោយគ្រាន់តែការគិតរបស់ពួកគេ។ Musk បាននិយាយថា Neuralink កំពុងធ្វើការលើផលិតផលទីពីរដែលហៅថា Blindsight ដើម្បីផ្តល់ចក្ខុវិស័យសិប្បនិម្មិតដល់មនុស្សពិការភ្នែក។

Musk បាននិយាយនៅក្នុងវីដេអូដែលត្រូវបានផ្សាយផ្ទាល់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោកថា «វិធីមួយដើម្បីគិតអំពីឧបករណ៍ Neuralink គឺដូចជា Fitbit ឬ Apple Watch ដែលមានខ្សែតូចៗ ឬអេឡិចត្រូត»។ លោកបានសង្កត់ធ្ងន់ថា គោលដៅរយៈពេលខ្លី គឺដើម្បីជួយដល់ជនពិការ ប៉ុន្តែចក្ខុវិស័យរយៈពេលវែង គឺប្រើប្រាស់បច្ចេកវិទ្យាខួរក្បាល-កុំព្យូទ័រ (BCI) ដើម្បីបង្កើនភាពស៊ីសង្វាក់គ្នារវាងបញ្ញារបស់មនុស្ស និងឌីជីថល ដែលអាចកាត់បន្ថយហានិភ័យដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត។

សម្រាប់ពេលនេះ ក្រុមហ៊ុនកំពុងដំណើរការការសិក្សាពីលទ្ធភាពដំបូងដើម្បីវាយតម្លៃសុវត្ថិភាព និងមុខងាររបស់ឧបករណ៍របស់ខ្លួនចំពោះអ្នកជំងឺខ្វិន។ ជាផ្នែកមួយនៃការសិក្សាលោក Noland Arbaugh បានក្លាយជាមនុស្សដំបូងគេដែលបានទទួលការវះកាត់ខួរក្បាលរបស់ Neuralink ក្នុងខែមករា។ Arbaugh ពិការពីស្មាចុះក្រោមដោយសារគ្រោះថ្នាក់ហែលទឹកដែលបានកើតឡើងក្នុងឆ្នាំ ២០១៦ ។

បើតាមការរាយការណ៍ដំបូង ការវះកាត់ និងផ្សាំបន្ទះឈីបចូលទៅក្នុងខួរក្បាលរបស់ Arbaugh ហាក់ទទួលបានជោគជ័យស្ទើតែ ១០០ភាគរយ ខណៈពេលនោះអ្នកជំងឺអាចប្រើ Cursor នៅលើកុំព្យូទ័របានដោយគ្រោន់តែប្រើការគិតតែប៉ុណ្ណោះ ហើយអ្នកជំងឺអាចលេងហ្គេម ផ្ញើអ៊ីមែល និងប្រើប្រាស់កម្មវិធីរុករកផ្សេងៗបាន។ ប៉ុន្តែពីរបីសប្តាហ៍បន្ទាប់ពីការវះកាត់ ការដាក់បញ្ចូលបន្ទះឈីបហាក់ដំណើរការខុសប្រក្រតី និងបាត់បង់ការគ្រប់គ្រង Cursor ស្ទើរតែទាំងស្រុង។

លោក Elon Musk បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកជំងឺដំបូង Arbaugh អាចគ្រប់គ្រងកុំព្យូរជាមួយនឹងខួរក្បាលវិញហើយ ប៉ុន្តែវាមានប្រហែល ១៥ភាគរយប៉ុណ្ណោះនៃបណ្តាញការផ្សាំដែលកំពុងដំណើរការ។ ទោះយ៉ាងណា Neuralink កំពុងព្យាយាមជៀសវាងបញ្ហាដូចគ្នាជាមួយអ្នកចូលរួមក្នុងការសិក្សាទីពីរ ហើយ «យើងពិតជាចង់ធ្វើឱ្យប្រាកដ ថាយើងធ្វើឱ្យមានការរីកចម្រើនតាមដែលអាចធ្វើទៅបានរវាងអ្នកជំងឺ Neuralink ម្នាក់ៗ»