(វ៉ាស៊ីនតោន)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំតំបន់អាមេរិកឡាទីន CONMEBOL បានប្រកាសបើកការស៊ើបអង្កេតមួយទៅលើកីឡាករ Dawin Nunez របស់អ៊ុយរ៉ូហ្គាយ ដែលប៉ះទង្គិចគ្នាជាមួយក្រុមអ្នកគាំទ្រ ក្រោយពួកគេបានហាលអាវពី Copa America 2024 ក្រោមថ្វីជើងរបស់កូឡុំប៊ីនាថ្ងៃម្សិលមិញ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា ខ្សែប្រយុទ្ធដែលត្រូវបានជ្រើសរើសចេញពីក្លិប Liverpool ខាងលើនេះ បានប្រយុទ្ធគ្នាមួយប្រាវទល់នឹងអ្នកគាំទ្រខាងកូឡុំប៊ី ដែលបានយកឈ្នះអ៊ុយរ៉ូហ្គាយ ១-០ នាព្រឹកម្សិលមិញនេះ ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯកប្រចាំតំបន់អាមេរិកឡាទីន Copa America 2024 ដែលមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះ។

ហេតុការណ៍នេះ គឺបានកើតឡើងត្រង់កៅអីអង្គុយភាគច្រើនក្រុមគ្រួសារខាងអ៊ុយរ៉ូហ្គាយ បន្ទាប់ពីអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី ស្របពេល Nunez ក៏បានរត់សំដៅទៅទីតាំងកើតហេតុដែលចលាចលនោះដែរ។

បើយោងតាមសេចក្តីថ្លែងការណ៍របស់ Conmebol បានបញ្ជាក់ថា «នេះគឺជាហេតុការណ៍ដែលមិនអាចទទួលយកបានឡើយ ដោយឈានដល់ការប្រើហឹង្សាបែបនេះ។ នៅថ្ងៃផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន និងកូឡុំប៊ី នឹងមិនមានរឿងនេះកើតឡើងម្តងទៀតឡើយ»។

តែយ៉ាងណា Nunez ត្រូវបានគេមើលឃើញពីការថតរូបជាមួយកូនប្រុសរបស់លោកនៅលើទីលានប្រកបដោយភាពកក់ក្តៅ ក្រោយពេលស្ថានការណ៍ត្រូវបានគ្រប់គ្រងទាំងស្រុង ដ្បិតខ្សែប្រយុទ្ធរូបនេះពុំទាន់និយាយអ្វីជាសាធារណៈនោះទេ៕