(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់ TSMC នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីការប្រកាសប្រាក់ចំណូលនៅត្រីមាសទីពីរមានកំណើនដ៏រឹងមាំហើយនោះ ក៏ស្រាប់តែពេលនេះបោះមួយជំហានទៀត ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតនៅអាស៊ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

បើនិយាយពីតម្លៃរបស់ក្រុមហ៊ុន TSMC នៅលើទីផ្សារ គឺឈានដល់កំពូលតែម្តង ពោលគឺខ្ទង់១ពាន់ពាន់លានដុល្លារអាមេរិក គិតត្រឹមសប្តាហ៍នេះ។ ការផ្ទុះឡើងនៃបច្ចេកវិទ្យា AI បានជំរុញឱ្យមានការកើនឡើងតម្លៃភាគហ៊ុនក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះ។ Taiwan Semiconductor Manufacturing Co (TSMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេរបស់ពិភពលោក ដែលអតិថិជនរបស់ក្រុមហ៊ុននេះមានដូចជា Apple និង Nvidia ជាដើមនោះ គឺទទួលអត្ថប្រយោជន៍ជាពិសេសពីតម្រូវការកើនឡើង សម្រាប់បន្ទះឈីបដែលមានសមត្ថភាពដំណើរការជាមួយ AI ។ មកទល់ពេលនេះ វិនិយោគិនបរទេសជាច្រើនបានចំណាយទឹកប្រាក់ចំនួនខ្ទង់ ៤.៨ ពាន់លានដុល្លារអាមេរិក ទៅក្នុងទីផ្សារភាគហ៊ុនរបស់តៃវ៉ាន់ ដែលគ្រប់គ្រងដោយ TSMC។

គួរជម្រាបថា ភាគហ៊ុនរបស់ក្រុមហ៊ុន TSMC បានកើនឡើងជិត ៨០% នៅឆ្នាំនេះ ខណៈការកើនឡើងនេះគឺលើសពីការរំពឹងទុករបស់ ក្រុមហ៊ុនតៃវ៉ាន់ SE Weighted Index ដែលធ្លាប់សន្និដ្ឋានថាកើនឡើងត្រឹម ៣៥% ។ នៅថ្ងៃព្រហស្បតិ៍នេះ ភាគហ៊ុនដែលចុះបញ្ជីនៅតៃប៉ិរបស់ TSMC បានកើនឡើងច្រើនជាង ២% និងធ្វើឱ្យវាក្លាយជាក្រុមហ៊ុនដែលមានតម្លៃបំផុតនៅអាស៊ីដែលបានចុះបញ្ជីជាសាធារណៈ៕