(បរទេស)៖ កម្មវិធីផ្ញើសារដ៏ពេញនិយម WhatsApp ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Meta ថ្មីៗនេះបានដាក់ដំណើរការមុខងារចម្លងសារសំឡេង (Transcription) ថ្មីដល់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android beta របស់ខ្លួន។ មុខងារនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចម្លងសារសំឡេងទៅជាអត្ថបទដោយស្វ័យប្រវត្តិ ធ្វើឱ្យកាន់តែងាយស្រួលក្នុងការអានខ្លឹមសារដោយមិនចាំបាច់ស្តាប់សំឡេង ជាពិសេសនៅក្នុងបរិយាកាសដែលមានសំឡេងរំខាន ឬសម្រាប់អ្នកដែលមានបញ្ហាការស្តាប់។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

មុខងារ Transcription កំពុងត្រូវបានដាក់ឱ្យដំណើរការនៅលើ WhatsApp beta កំណែ 2.24.15.5 នៅទូទាំងប្រតិបត្តិការ Android។ បច្ចុប្បន្ននេះវាគាំទ្រការចម្លងជា ៥ភាសារួមមាន អង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់ (ប្រេស៊ីល) រុស្ស៊ី និងហិណ្ឌូជាដើម។

គួរជម្រាបដែរថា មុខងារនេះពីមុនមានតែនៅលើ WhatsApp កំណែ iOS ប៉ុណ្ណោះ ហើយការចេញផ្សាយរបស់វាទៅ Android ត្រូវបានគេរំពឹងទុកថានឹងចេញជាសកលក្នុងពេលឆាប់ៗខាងមុខនេះ។ ខណៈមុខងារនេះបច្ចុប្បន្នស្ថិតនៅក្នុងការដាក់ឱ្យប្រើប្រាស់មានកំណត់ នៅមិនទាន់ទូលំទូលាយនៅឡើយនោះទេ៕