(ភ្នំពេញ)៖ ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា ត្រូវបន្ដជួបក្រុមខ្លាំងគុយវ៉ែត ដែលជាជំនួបបញ្ចប់ពូលB នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្នុងព្រឹត្តិការណ៍កីឡាវាយកូនបាល់ពិភពលោកប្រចាំតំបន់អាស៊ី/អូសេអានី ក្រុម៤ (Davis Cup Asia/Oceania Group IV) ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីកម្ពុជា ធ្វើបានយ៉ាងល្អ ដោយយកឈ្នះក្រុមមីយ៉ាន់ម៉ា ៣-០ ក្នុងការប្រកួតថ្ងៃទី២ កាលពីម្សិលមិញ ។

សម្រាប់ការប្រកួតថ្ងៃទី៣ នេះ គឺជាការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុតាមពូលនីមួយៗ ក្នុងនោះកម្ពុជា បន្ទាប់ពីយកឈ្នះក្រុមអ៊ីរ៉ាក់ និងមិយ៉ាន់ម៉ា ទាំងវិញ្ញាសាឯកត្តជន ២ប្រកួត និងវាយគូ ១ប្រកួតដូចគ្នា ថ្ងៃនេះ ត្រូវធ្វើការងារធ្ងន់ ដោយត្រូវជួបក្រុមគុយវ៉ែត ដើម្បីប្រជែងកៅអីកំពូលតារាងពូលB ។ រីឯពូលA ក៏ត្រូវធ្វើការ្រកួតថ្ងៃនេះដែរ ដោយក្រុមវាយកូនបាល់កៀហ្ស៊ីស៊ីស្ថាន ជួបក្រុមកាតា និងក្រុមស្រីលង្កា ជួបក្រុមអារ៉ាប់រួម ។

ជាមួយការប្រកួតដំបូង នៅថ្ងៃទី១២ ខែកក្កដានេះ សម្រាប់វិញ្ញាសាឯកត្ដជនទី១ កីឡាករកម្ពុជា ឃ្លាំង ពន្លក បានចាញ់កីឡាករគុយវ៉ែត Bader Alabdullah ដោយលទ្ធផល ២-០ សិត ក្នុងពិន្ទុ ៦-៣ និង ៦-០ ។ យ៉ាងណាមិញកម្ពុជា នៅសល់ការប្រកួតវិញ្ញាសាឯកត្តជន ១ប្រកួត និងវាយគូ ១ប្រកួតទៀត ដើម្បីកាត់សេចក្ដី ។ ប៉ុន្ដែប្រសិនបើការប្រកួតនេះ បរាជ័យ កម្ពុជា នៅតែមានឱកាសឡើងវគ្គខ្វែង ក្នុងនាមក្រុមលេខ២ ពូលB ។

គួរដឹងថា ព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV ឆ្នាំ២០២៤ គឺមានបេក្ខភាព ៨ប្រទេសចូលរួម និងបែងចែកជា ២ពូល ។ បន្ទាប់មកក្រុមមានពិន្ទុខ្ពស់ជាងគេ ២ក្រុមនៃពូលនីមួយៗ នឹងឡើងវគ្គខ្វែង ដោយក្រុមលេខ១ ពូលA ត្រូវជួបក្រុមលេខ២ ពូលB ខណៈក្រុមលេខ១ ពូលB ត្រូវជួបក្រុមលេខ២ ពូលA ដើម្បីស្វែងរកក្រុមឈ្នះ ២ក្រុមឡើងទៅក្រុម៣ ឬ Group III នៃព្រឹត្តិការណ៍វាយកូនបាល់ទាត់ពិភពលោកនេះ នាឆ្នាំ២០២៥ ៕