(ភ្នំពេញ)៖ គណៈកម្មាធិការអាជ្ញាកណ្តាល UEFA បានប្រកាសថា លោក Francois Letexier មកពីប្រទេសបារាំង នឹងធ្វើជាអាជ្ញាកណ្តាលក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមពានជើងឯកអឺរ៉ុប European Championship 2024 រវាងអេស្ប៉ាញ និងអង់គ្លេស ។ នេះបើតាមស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប បានឱ្យដឹងនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។

ការប្រកួតនឹងរៀបចំនៅកីឡដ្ឋាន Olympiastadion នៅទីក្រុង Berlin នាថ្ងៃទី១៥ ខែកក្កដានេះ នៅវេលាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ពេលអាជ្ញាកណ្តាលទាំង៣ លើទីលានសុទ្ធតែសញ្ជាតិបារាំង ដោយមានលោក Francois Letexier រួមជាមួយលោក Cyril Mugnier និងលោក Mehdi Rahmouni ជំនួនការខ្សែបន្ទាត់មានលោក ។

អេស្ប៉ាញ ធ្លាប់ឈ្នះពាន Euro បានចំនួន ៣លើករួចមកហើយ ពេលដែលអង់គ្លេស បានត្រឹមជាក្រុមរងជើងឯកឆ្នាំ២០២០ ១លើកប៉ុណ្ណោះ ។

បុរសជនជាតិបារាំងមានវ័យ ៣៥ឆ្នាំ Francois Letexier ដែលជាប់ជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិតាំងពីឆ្នាំ២០១៧ បានចូលបម្រើការងារនេះក្នុងការប្រកួតផ្លូវការរបស់ស្ថាប័ន UEFA បានចំនួន ៦៥ដងលើកក្នុងអាជីពរបស់គាត់។

ហើយនៅការព្រឹត្តិការណ៍ Euro 2024 ដែលរៀបចំនៅអាល្លឺម៉ង់នេះ លោកក៏បានដឹកនាំការប្រកួតចំនួន ៣ប្រកួត ដោយមាននៅក្នុងវគ្គពូល ២នប្រកួត និងនៅជំនួបរវាងអេស្ប៉ាញ យកឈ្នះហ្ស៊កហ្ស៊ី ៤-១ ក្នុងវគ្គ ១៦ក្រុម ហើយក៏បានទទួលបន្ទុកក្នុងតួនាទីជាមន្ត្រីអាជ្ញាកណ្តាលទី៤ នៅការប្រកួតបើកឆាករវាងអាល្លឺម៉ង់ ប៉ះស្កុតឡែន នៅទីក្រុងមុយនិច។

រំលឹកផងថា កាលពីរដូវកាលមុនលោក Francois Letexier បានទទួលតួនាទីដឹកនាំការប្រកួតក្នុងពានរង្វាន់ UEFA Champions League និង UEFA Europa League ចំនួន ១០ដង ហើយនឹងជាមន្ត្រីទី៤ នៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League 2024 ក្នុងជំនួបរវាង Borussia Dortmund និង Real Madrid CF នៅកីឡដ្ឋាន Wembley ៕