(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានខិតខំរៀបចំឱ្យមានការជិះទូកកម្សាន្តនៅបារាយណ៍នាគព័ន្ធ និងដាក់របាសុវត្ថិភាពភ្ញៀវទេសចរនៅប្រាសាទប្រែរូប។

ទិដ្ឋភាពភ្ញៀវទេសចរ ជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធ តាមរយៈសេវាកម្មបម្រើជិះទូកកម្សាន្តរបស់សហគមន៍សាមគ្គីដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ដែលទេសចរអាចផ្លាស់ប្ដូរបរិយាកាសដោយចូលទស្សនាប្រាសាទនាគព័ន្ធស្ថិតនៅលើកោះ អាចគយគន់ទេសភាពព្រៃប្រឹក្សាជុំវិញ រុក្ខវារីជាតិ មច្ឆជាតិ បក្សាបក្សី និងទស្សនាថ្ងៃលិចផង។ ការគាំទ្រជិះទូករបស់សហគមន៍ ជាការលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់ប្រជាជនក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះដែរ។

សូមជម្រាបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់ជិះទូកកម្សាន្តនៅបារាយណ៍ជយតដាកនេះ អាចទាក់ទងជាវសំបុត្រតាមរយៈលេខទូរសព្ទ ០៨៩ ២១១ ៧៣៧។

ក្រៅពីកិច្ចការនេះ អាជ្ញាធរជាតិអប្សរាក៏បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពភ្ញៀវទេសចរគ្រប់រូបជាចាំបាច់។ ដោយសារការយកចិត្តទុកដាក់នេះ អាជ្ញាធរជាតិអប្សរាបានធ្វើរបាសុវត្ថិភាពសម្រាប់ភ្ញៀ នៅលើប្រាសាទប្រែរូប ដើម្បីធានាបានសុវត្ថិភាពខ្ពស់ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលតែងតែទៅទស្សនាប្រាសាទ និងទិដ្ឋភាពថ្ងៃរៀបលិច ដូចនៅប្រាសាទភ្នំបាខែង និងប្រាសាទភ្នំក្រោមដែរ៕