(មេនឆេស្ទឺ)៖ Manchester United បានបន្តកិច្ចសន្យាជាមួយខ្សែការពារជើងចាស់ Jonny Evans រយៈពេល ១ឆ្នាំទៀតនៅថ្ងៃសុក្រនេះ បន្ទាប់ពីរដូវកាលដ៏រឹងមាំ ជាមួយនឹងបុរសសញ្ជាតិអៀរឡង់ខាងជើង វ័យ ៣៦ឆ្នាំរូបនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

Evens ដែលបានបញ្ចប់ការបណ្តុះបណ្តាលនៅសាលា United នោះ បានវិលត្រឡប់មកកាន់កីឡដ្ឋាន Old Trafford វិញកាលពីឆ្នាំមុន បន្ទាប់ពីចំណាយ ៨រដូវកាលលេងនៅក្លិប West Bromwich Albion និងក្លិប Leicester City ដោយបានបង្ហាញខ្លួន ៣០លើក ក្នុងការប្រកួតទាំងអស់ រួមទាំងការប្រកួតផ្តាច់ព្រ័ត្រ FA Cup ឈ្នះលើក្លិប Mancester City ផងដែរ។

សូមជម្រាបថា United នឹងចាប់ផ្តើមការប្រកួតមុនរដូវកាលរបស់ពួកគេទល់នឹងក្លិប Rosenborg នាថ្ងៃចន្ទសប្តាហ៍ក្រោយ នៅប្រទេសន័រវេស។

កាលពីសប្តាហ៍មុន ក្លិបបានប្រកាសដែរថា អ្នកចាត់ការ Erik ten Hag បានចុះកិច្ចសន្យាថ្មី ដើម្បីបន្តការដឹកនាំរបស់លោក នៅក្លិបម្ចាស់កីឡដ្ឋាន Old Trafford រហូតដល់ឆ្នាំ២០២៦៕