(ឡូសាន)៖ អារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះ នៃការសម្ពោធចាប់ផ្តើមព្រឹត្តិការណ៍កីឡា E-sports Olympics ក្នុងឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

«គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅថ្ងៃនេះសូមប្រកាសថា ខ្លួនបានចាប់ដៃគូជាមួយគណៈកម្មាធិការអូឡាំពិកជាតិអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើជាម្ចាស់ផ្ទះ ការសម្ពោធចាប់ផ្តើមដំបូងនៃព្រឹត្តិការណ៍ Olympic E-sports Games ក្នុងឆ្នាំ២០២៥ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត»។ នេះបើតាមគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។

សូមជម្រាបថា រាជធានី Riyadh របស់អារ៉ាប៊ីសាអូឌីត បានត្រៀមខ្លួនរួចជាស្រេចទៅហើយ ក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ E-sports World Cup​ ក្នុងខែកក្កដា និងខែសីហា ជាព្រឹត្តិការណ៍មួយ ដែលអ្នកលេងហ្គេម ២,៥០០នាក់ នឹងប្រកួតគ្នា ដើម្បីដណ្តើមប្រាក់រង្វាន់ ៦០លានដុល្លារអាមេរិក៕